អ៉ីស្រាអែល និងលីបង់ ត្រូវបានគេរំពឹងថានឹងបើកកិច្ចចរចា នៅប៉ុន្មានថ្ងៃខាងមុខ ក្នុងគោលបំណងរកឱ្យបាននូវបទឈប់បាញ់យូរអង្វែង

ហ៊្សេរុយសាឡិម៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ ២០២៦ អ៉ីស្រាអែល និងលីបង់ ត្រូវបានគេរំពឹងថានឹងបើកកិច្ចចរចា នៅប៉ុន្មានថ្ងៃខាងមុខ ក្នុងគោលបំណងរកឱ្យបាននូវបទឈប់បាញ់យូរអង្វែង ដែលនឹងឃើញក្រុមហេសបូឡារំសាយអាវុធ ទោះជាពេលវេលា និងលក្ខខណ្ឌមិនទាន់ត្រូវបានព្រមព្រៀងគ្នាក៏ដោយ។
ប្រភពលីបង់ បានឱ្យដឹងថា ទីក្រុងបេរូតកំពុងរៀបក្រុមប្រតិភូចរចា ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទនៅឡើយទេ។ លីបង់ត្រូវការភាពច្បាស់លាស់ជាមុនសិន ថាតើអ៉ីស្រាអែលនឹងគោរពតាមអាទិភាពដំបូងរបស់ លោកប្រធានាធិបតី Joseph Aoun ដែរឬទេ។
ប្រធានាធិបតីលីបង់ ទាមទារឱ្យមានបទឈប់បាញ់ពេញលេញ ដើម្បីអនុញ្ញាតឱ្យការចរចាកើតឡើង។
មន្ត្រីអ៉ីស្រាអែលនិយាយថា លោក Ron Dermer ដែលជាមនុស្សជំនិតរបស់ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu កំពុងដឹកនាំការពិភាក្សាសម្រាប់ភាគីអ៉ីស្រាអែល ហើយបារាំងក៏បានចូលរួមគំនិតផ្តួចផ្តើមនេះដែរ។
តាមប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល លោក Dermer បានធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីដំណើរការចរចា នៅពេលដែលយុទ្ធនាការយោធាបច្ចុប្បន្ន ប្រឆាំងក្រុមហេសបូឡាបិទបញ្ចប់។
គួរបញ្ជាក់ថា លីបង់ត្រូវបានទាញឱ្យចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេសបូឡា បើកការបាញ់ផ្លោងលើអ៉ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ ក្រោមការវាយប្រហាររបស់អ៉ីស្រាអែល និងសហរដ្ឋអាមេរិកលើអ៉ីរ៉ង់។ អ៉ីស្រាអែល បានឆ្លើយតបការវាយប្រហារ សម្លាប់មនុស្សជាង ៨០០នាក់នៅក្នុងលីបង់ និងបង្ខំមនុស្សជាង ៨០០ ០០០នាក់ក្លាយជាជនភៀសខ្លួន៕

