សម្ដេចធិបតី ណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្ក្រាបចំពោះបទល្មើសគ្រឿងញៀន និងចៀសវាងការដោះលែងឧក្រិដ្ឋជនដោយខុសច្បាប់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្ក្រាប ចំពោះបទល្មើសគ្រឿងញៀន ប្រើប្រាស់ ចែកចាយ រក្សាទុក និងកែច្នៃ និងចៀសវាងការដោះលែងឧក្រិដ្ឋជនដោយខុសច្បាប់។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥និងលើកទិដៅការងារឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។
សម្ដេចធិបតីបន្តថា បរិបទសកលកំពុងស្ថិតនៅក្នុងសភាពផុយស្រួយដោយសារ ការប្រកួតប្រជែងដណ្ដើមភូមិសាស្រ្តនយោបាយកត្តាអសន្តិសុខជាសកល បញ្ហាអស្ថិរភាពនយោបាយ និងវិបត្តិសេដ្ឋកិច្ចលើពិភពលោក និងសង្គ្រាម បានធ្វើឱ្យឧក្រិដ្ឋជនឆ្លៀតឱកាសបង្កើនសកម្មភាពដាំដុះ និងផលិតគ្រឿងញៀនក៏ដូចជាការលួចលាក់ចរាចរសារធាតុគីមីផ្សំខុសច្បាប់ ដើម្បីផលិតគ្រឿងញៀនសំយោគ ជាពិសេសនៅតំបន់អាម៉េរិកខាងត្បូង។ ក្នុងស្ថានភាពនេះតម្រូវការគ្រឿងញៀនសំយោគក៏មានការកើនឡើងជាគំហុក។
ជាមួយគ្នានេះសម្តេចធិបតី បានរំពឹងថាផែនការរបស់រាជរដ្ឋាភិបាលស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ រយៈពេល១ឆ្នាំចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ នឹងទទួលលទ្ធផលល្អបន្ថែមទៀត ខណៈផែនការចំនួន១០លើកនាពេលកន្លង ទៅទទួលបានភាពជោគជ័យច្រើន ដោយបានធ្វើការចាប់ជនសង្ស័យគ្រឿងញៀនបានជាបន្តបន្ទាប់៕

