ឯកឧត្តម មាន ចាន់យ៉ាដា ណែនាំដល់ ស.ស.យ.ក. ខេត្តឧត្តរមានជ័យ រៀបចំសកម្មភាពចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ឧត្តរមានជ័យ៖ ក្នុងស្មារតីរឹតចំណងសាមគ្គីភាពរវាងសមរភូមិក្រោយ និងសមរភូមិមុខ ឯកឧត្តម មាន ចាន់យ៉ាដា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តឧត្តរមានជ័យ បានដាក់ចេញនូវការណែនាំដល់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្ត ឱ្យរៀបចំសកម្មភាពចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
ការជំរុញបែបនេះត្រូវបាន ឯកឧត្ដមាន ចាន់យ៉ាដា សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តឧត្តរមានជ័យ លើកឡើងនៅក្នុង «ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៦» របស់គណៈកម្មាធិការ ស.ស.យ.ក. ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០៦ខែមីនាឆ្នាំ២០២៦នេះ។
ឯកឧត្តម មាន ចាន់យ៉ាដា បានសង្កត់ធ្ងន់ថា ខណៈពេលដែលប្រជាពលរដ្ឋទូទាំងប្រទេស រៀបចំពិធីបុណ្យចូលឆ្នាំថ្មីយ៉ាងសប្បាយរីករាយ កងកម្លាំងប្រដាប់អាវុធរបស់យើងត្រូវឈរជើងយ៉ាងរឹងមាំនៅតាមប៉ុស្តិ៍យាម និងសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន ដូចនេះ«យុវជន ស.ស.យ.ក. មិនត្រូវបំភ្លេចនូវការលះបង់ដ៏ខ្ពង់ខ្ពស់របស់បងប្អូនវីរកងទ័ពឡើយ»។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសរសើរចំពោះស្នាដៃ ដែលស.ស.យ.ក. ខេត្តសម្រេចបានក្នុងឆ្នាំ២០២៥កន្លងទៅ និងបានជំរុញឱ្យបន្តពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុង ចូលរួមការងារសង្គម មនុស្សធម៌ និងការងារការពារបរិស្ថានឱ្យកាន់តែខ្លាំងក្លាថែមទៀត ស្របតាមទិសដៅការងារថ្មីសម្រាប់ឆ្នាំ២០២៦ផងដែរ៕

