អ៉ីរ៉ង់មិនមានបំណងចរចាជាមួយអាមេរិកឡើយ ហើយអាចបន្តសង្រ្គាមដល់ពេលណាក៏បាន

តេហេរ៉ង់៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ស្របពេលសង្រ្គាមនៅមជ្ឈិមបូព៌ាបន្តដល់ថ្ងៃទី៥ លោក Mohammad Mokhber ដែលជាទីប្រឹក្សារបស់អតីតមេដឹកនាំកំពូលអ៉ីរ៉ង់ Ayatollah Ali Khamenei នាថ្ងៃពុធនេះ បានប្រាប់ស្ថានីយទូរទស្សន៍រដ្ឋថា ប្រទេសអ៉ីរ៉ង់មិនមានបំណងចរចាជាមួយអាមេរិកឡើយ ហើយអាចបន្តសង្រ្គាមដល់ពេលណាក៏បាន។
លោក Mokhber បាននិយាយយ៉ាងដូច្នេះថា «អ៉ីរ៉ង់លែងមានការជឿទុកចិត្តលើអាមេរិកទៀតហើយ ហើយយើងគ្មានមូលដ្ឋានអ្វី ត្រូវចរចាជាមួយពួកគេទេ។ យើងអាចបន្តសង្រ្គាមនេះដល់ពេលណាក៏បានដែរ»។
នាថ្ងៃពុធនេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បានអះអាងថា ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយរបស់ពិភពលោក បានស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនទាំងស្រុង ប៉ុន្តែកាលពីថ្ងៃអង្គារ ខាងយោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានបាញ់ពន្លិចនាវាចម្បាំងទាំងអស់របស់កងទ័ពជើងទឹកអ៉ីរ៉ង់៕

