លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ ហើយនិយាយថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវបានចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។
ការប្រកាសលុបចោលគម្រោងវាយប្រហារជាថ្មីលើអ៉ីរ៉ង់របស់លោក ត្រាំ បានធ្វើឱ្យផ្សារភាគហ៊ុនហក់ឡើង តម្លៃប្រេងបានធ្លាក់ចុះ បើទោះជាគោលជំហររបស់អ៉ីរ៉ង់មិនទាន់មានភាពប្រាកដប្រជាក៏ដោយ បន្ទាប់ពីអ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baqaei បាននិយាយថាអ៉ីរ៉ង់មិនទាន់ឈានដល់កិច្ចព្រមព្រៀងចុងក្រោយជាមួយសហរដ្ឋអាមេរិកនៅឡើយទេ។
លោក ត្រាំ បានប្រកាសលុបចោលគម្រោងវាយអ៉ីរ៉ង់ ជាមួយការអះអាងថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Mojtaba Khamenei បានអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង។
បើតាមលោក ត្រាំ កិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់អាចនឹងត្រូវបានចុះហត្ថលេខាក្នុងពេលឆាប់ៗ ឬអាចនៅចុងសប្ដាហ៍នេះតែម្ដង ហើយការចុះហត្ថលេខាអាចនឹងត្រូវធ្វើឡើងក្នុងប្រទេសមួយក្នុងតំបន់អឺរ៉ុប។
យ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim បានកត់សម្គាល់ថាក្នុងរយៈពេលជាង ២ខែមកនេះ លោក ត្រាំ បាននិយាយ ៣៨ដងរួចមកហើយថាកិច្ចព្រមព្រៀងមួយអាចនឹងត្រូវបាន ចុះហត្ថលេខាក្នុងពេលឆាប់ៗ។ «រហូតទាល់តែអ៉ីរ៉ង់ប្រកាសពីការឈានដល់កិច្ចព្រមព្រៀងមួយ បើពុំដូច្នោះទេ ព័ត៌មានណាមួយចេញពីមាត់របស់លោក ត្រាំ គ្មានអ្វីខុសប្លែកពីអ្វីដែលលោកបានអះអាង នាពេលកន្លងមកនោះទេ»។ នេះជាការគូសបញ្ជាក់របស់សារព័ត៌មាន Tasnim៕

