អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ

បរទេស៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ សហរដ្ឋអាមេរិក និងកាណាដា បានសម្រេចចិត្តពន្យារពេលបើកដំណើរការស្ពានថ្មីមួយ ដែលតម្លៃ ៤.៧ពាន់លានដុល្លារ តភ្ជាប់ទីក្រុង Detroit នៃរដ្ឋ Michigan សហរដ្ឋអាមេរិក ជាមួយទីក្រុង Windsor និងខេត្ត Ontario របស់កាណាដា បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីដើមឆ្នាំនេះគំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ។ ដំបូងឡើយស្ពាននេះ ត្រូវសម្ភោធនាប៉ុន្មានថ្ងៃខាងមុខ។
នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បញ្ជាក់ថា «យើងបានយល់ព្រមពន្យារពេលបើក ហើយយកពេលទៅដោះស្រាយបញ្ហាសេសសល់»។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកាណាដា លោក Pete Hoekstra បានឱ្យដឹងថាលោក និងរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក Howard Lutnick កំពុងដឹកនាំការពិភាក្សាជាមួយភាគីកាណាដា ជុំវិញការបើកដំណើរការស្ពាននេះ។
លោក ត្រាំ នៅក្នុងខែកុម្ភៈ បានលើកឡើងពីការបដិសេធរបស់កាណាដា ក្នុងការយកភេសជ្ជៈមានជាតិអាល់កុលប៉ុន្មានប្រភេទរបស់សហរដ្ឋអាមេរិក ទៅដាក់តាំងលក់នៅតាមហាងក្នុងប្រទេសកាណាដា ពន្ធគយរបស់កាណាដាលើផលិតផលទឹកដោះគោ និងកិច្ចចរចាពាណិជ្ជកម្មកាណាដាជាមួយចិន ថាជាហេតុផលដែលលោកអាចនឹងមិនអនុញ្ញាតឱ្យស្ពាននេះ បើកដំណើរការ។
លោក Matthew Moroun ដែលជាម្ចាស់គម្រោង Ambassador Bridge ភ្ជាប់ទីក្រុង Detroit-Windsor បានឱ្យដឹងថា កាលពីសប្តាហ៍មុន លោកបានបរិច្ចាគថវិកាចំនួន ១លានដុល្លារដល់គណៈកម្មាធិការនយោបាយមួយ ដែលមានសម្ព័ន្ធភាពជាមួយលោក ត្រាំ៕
