ស្ដ្រីម្ចាស់ទីតាំងបញ្ចាំមួយកន្លែងយីហោ «និមល» នៅស្រុកត្រាំកក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបន្ទាប់ពីលក់ម៉ូតូមិនប្រក្រតីឱ្យប្រជាពលរដ្ឋ

តាកែវ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលបានចាប់ខ្លួនស្ដ្រីម្ចាស់ទីតាំងបញ្ចាំមួយកន្លែងយីហោ «និមល» នៅស្រុកត្រាំកក់ ខេត្តតាកែវ បន្ទាប់ពីលក់ម៉ូតូមិនប្រក្រតីឲ្យប្រជាពលរដ្ឋ ដោយម៉ូតូនោះមានកាតគ្រី និងផ្លាកលេខចំនួន២ (ក្លែងក្លាយ)។
ជនរងគ្រោះឈ្មោះ អ៊ុំ ផាន្នី មានស្រុកកំណើតនៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បានបញ្ជាក់ថា គាត់បានទិញម៉ូតូពីហាង «និមល» កាលពីនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយនៅពេលបានផ្លាកលេខ និងកាតគ្រី កន្លែងលក់នោះបានប្រគល់ឲ្យគាត់ទៅយកកឹបដោយខ្លួនឯង។
ខណៈបុរសនោះបានយកទៅក្រុមហ៊ុនហុងដា ២៧១ កឹបឲ្យតែគេមិនព្រមកឹបឲ្យនោះឡើយ ហើយមិនបានប្រាប់ថា មានបញ្ហាអ្វីនោះដែរ។ បុរសនោះក៏បន្តយកទៅជាងធម្មតាទើបគេកឹបលេខឲ្យ ដោយជនរងគ្រោះមិនអស់ចិត្ត ក៏បន្តទៅសួរជំនាញ និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ពេលនោះ មន្ដ្រីជំនាញបញ្ជាក់ថា ផ្លាកលេខ និងកាតគ្រី គឺក្លែងក្លាយ ដោយម៉ូតូនោះមានផ្លាកលេខដើមខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កំពុងធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕

