សម្តេចធិបតី៖ គោលនយោបាយសេដ្ឋកិច្ចជាតិរបស់កម្ពុជា ត្រូវបានរៀបចំឡើងស្របតាម យុទ្ធសាស្តបញ្ចកោណ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់រយៈពេល ២៥ឆ្នាំ ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គោលនយោបាយសេដ្ឋកិច្ចជាតិរបស់កម្ពុជា ត្រូវបានរៀបចំឡើងស្របតាម យុទ្ធសាស្តបញ្ចកោណ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់រយៈពេល ២៥ឆ្នាំ ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។ យុទ្ធសាស្ត្រនេះ ត្រូវបានបង្កើតឡើង ដោយឈរសសរស្ដម្ភចំនួន៥ រួមមាន ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា។
សម្ដេចបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន កម្ពុជាឆ្នាំ២០២៦ ប្រធានបទ «បរិវត្តកម្មអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម»នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។
ពិធីបើកកិច្ចប្រជុំកំពូលនេះមានការអញ្ជើញចូលរួមពីសំណាក់បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, លោក ចូអ៊ី ខនសិបសិន ប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ ហើយវេទិកានេះនឹងផ្តល់នូវឱកាសសម្រាប់ការផ្គូរផ្គងអាជីវកម្មយ៉ាងទូលំទូលាយ លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូសហការក្នុងតំបន់។
សម្ដេចធិបតីបានឱ្យដឹងថា កម្ពុជាបានផ្តល់អាទិភាពដល់បច្ចេកវិទ្យា ជាសមាសធាតុស្នូលនៃគោលនយោបាយជាតិ ដោយសារកំណើនដែលមានតម្លៃបន្ថែមខ្ពស់ មិនអាចបំបែកចេញពីភាពចាស់ទុំផ្នែកឌីជីថល (Digital Maturity) បានឡើយ។ បច្ចុប្បន្ន, កម្ពុជាបាននិងកំពុងអនុវត្តគម្រោង «បដិវត្តកម្មជំនាញ» ដ៏ធំមួយ តាមរយៈកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សម្រាប់យុវជនចំនួន ១,៥លាននាក់។
សម្ដេចធិបតីមានប្រសាសន៍ទៀតថា ដោយមានកិច្ចសហការជាមួយមេដឹកនាំឧស្សាហកម្ម ដូចជា ក្រុមហ៊ុន Toyota, កម្ពុជាធានាថាកម្លាំងពលកម្មរបស់យើង មិនត្រឹមតែត្រៀមខ្លួនរួចជាស្រេច ក្នុងការបំពេញការងារប៉ុណ្ណោះទ ប៉ុន្តែថែមទាំងអនុលោមតាមតម្រូវការ ក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ ផងដែរ។ កម្ពុជាកំពុងលុបគម្លាតរវាងទ្រឹស្តីសិក្សា និងស្តង់ដារឧស្សាហកម្ម ដើម្បីផ្ដល់ជូនវិស្វករ និងអ្នកជំនាញឯកទេសចាំបាច់ សម្រាប់រោងចក្រ និងគ្រឿងបរិក្ខារទំនើបរបស់វិនិយោគិន៕

