អនុប្រធានទី២ព្រឹទ្ធសភា៖ ដើម្បីឱ្យកម្ពុជាសម្រេចជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ប្រជាជនគ្រប់រូបគប្បីលើកកម្ពស់ជីវភាព តាមរយៈការធានាឱ្យបាននូវសុខសុវត្ថិភាព សុខភាព និងសមត្ថភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញធ្វើបទបាឋកថា ស្ដីពី “ដំណើរឆ្ពោះទៅ ការផលិតទំនិញនៅកម្ពុជា” ដល់សាស្រ្ដាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ចំនួន៣០០នាក់។
នាឱកាសនោះឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកទឹកចិត្តសាកលវិទ្យាល័យនានា ឱ្យបន្តសិក្សាស្រាវជ្រាវដើម្បីបង្កើតផលិតផល និងសេវាកម្ម សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្តែង នាពេលបច្ចុប្បន្ន។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ថ្លែងថាកាហ្វេនិងកាកាវ មានសក្តានុពលខ្លាំងនិងយូរអង្វែង ដូច្នេះគួរជំរុញការដាំដុះដំណាំទាំងពីរនេះបន្ថែម ជាពិសេសនៅខេត្តមណ្ឌលគិរីនិងរតនគិរី ដែលស្របទៅនឹងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨។ បច្ចុប្បន្នសាកលវិទ្យាល័យមួយចំនួន បានធ្វើការស្រាវជ្រាវជាច្រើន រហូតដល់មានផលិតផល ដាក់លក់នៅតាមទីផ្សារ។ ក្នុងបរិបទនៃជម្លោះព្រំដែន កម្ពុជាមិនគ្រាន់តែមានឱកាសជំរុញការផលិតទំនិញបន្ថែមប៉ុណ្ណោះទេ ថែមទាំងជំរុញការគាំទ្រផលិតផលខ្មែរផងដែរ។
ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្ត សាកលវិទ្យាល័យ ឱ្យសហការជាមួយវិស័យឯកជន ក្នុងការស្រាវជ្រាវបង្កើនផលិតផល និងសេវាកម្មប្រកបដោយគុណភាព ដើម្បីជំនួសទំនិញ និងសេវានាំចូលមួយចំនួន។
ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា ដើម្បីឱ្យកម្ពុជាសម្រេចបានជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ប្រជាជនគ្រប់រូបគប្បីលើកកម្ពស់ជីវភាព តាមរយៈការធានាឱ្យបាននូវសុខសុវត្ថិភាព សុខភាព និងសមត្ថភាព៕


