អត្រាកំណើតនៅក្នុងប្រទេសជប៉ុន បានបន្តធ្លាក់ចុះរយៈពេល១០ឆ្នាំជាប់គ្នា

តូក្យូ៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បញ្ជាក់ថា ទិន្នន័យផ្លូវការបានបង្ហាញថា អត្រាកំណើតនៅក្នុងប្រទេសជប៉ុន បានបន្តធ្លាក់ចុះកាលពីឆ្នាំ២០២៥ ដែលមានន័យថា រយៈពេល១០ឆ្នាំជាប់គ្នាមកហើយ។
ទិន្នន័យពីក្រសួងសុខាភិបាលជប៉ុន បានបង្ហាញថា កាលពីក្នុងឆ្នាំ២០២៥ ទារកសរុប៧០៥ ៨០៩នាក់ បានកើតនៅជប៉ុន ដែលជាការថយ ២.១ភាគរយ ធៀបទៅនឹងឆ្នាំ២០២៤។ ទិន្នន័យនេះ រាប់បញ្ចូលទាំងទារកសម្រាលដោយជនជាតិជប៉ុន នៅក្នុងប្រទេសជប៉ុន ទារកសម្រាលដោយជនបរទេសនៅជប៉ុន និងទារកសម្រាលដោយជនជាតិជប៉ុន រស់នៅក្រៅប្រទេស។
ជប៉ុនដែលមានសេដ្ឋកិច្ចធំលំដាប់ទី៤នៅលើពិភពលោក គឺជាប្រទេសដែលមានអត្រាកំណើតដ៏ទាបបំផុតមួយ ហើយចំនួនប្រជាជនសរុប កំពុងតែរួញថយ។ ប្រការនេះបាននិងកំពុងនាំឱ្យមាន បញ្ហាយ៉ាងច្រើនរួចជាស្រេច ដូចជាការខ្វះខាតកម្លាំងពលកម្ម ការរីកធំឡើងខ្លាំង នៃការចំណាយលើកម្មវិធីរបបសន្តិសុខសង្គម ហើយចំនួនអ្នកបំពេញការងារ ដើម្បីបង់ពន្ធកាន់តែតិចទៅៗ។
គួរបញ្ជាក់ថា មេដឹកនាំជប៉ុនជាបន្តបន្ទាប់ រួមទាំងនាយករដ្ឋមន្រ្តីបច្ចុប្បន្ន គឺលោកស្រី Sanae Takaichi បានសន្យាជំរុញឱ្យ អត្រាកំណើតងើបឡើងវិញ ប៉ុន្តែទទួលបានលទ្ធផលតិចតួច៕

