រាជរដ្ឋាភិបាល ចាប់ផ្តើមដំណើរការសាងសង់ជម្រកបណ្តោះអាសន្នជូនជនភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ជម្រកបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ។
ការរៀបចំជម្រកបណ្តោះអាសន្នមិនត្រឹមតែជាការឆ្លើយតបទៅនឹងបញ្ហាចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ទាំងដែលបង្កដោយមនុស្ស និងធម្មជាតិ ដើម្បីធានាថាប្រជាពលរដ្ឋមានជម្រកសមរម្យ និងសុវត្ថិភាពបំផុតក្នុងគ្រាអាសន្ន។
ការរៀបចំជម្រកបណ្តោះអាសន្ននេះ មានលក្ខណៈអំណោយផលជាងមុន ដែលទទួលជនភៀសសឹកជាច្រើនគ្រួសារ និងការពារពីអាកាសធាតុ ជាពិសរសក្នុងរដូវវស្សាខាងមុខផងដែរ៕

