វិចារណកថា៖ ប្រធានបទ ការយល់ដឹងអំពីអ័ព្ទ (Fog) និង អ័ព្ទផ្សែង (Haze)

ភ្នំពេញ៖ ជារឿយៗ មនុស្សភាគច្រើនតែងមានការភាន់ច្រឡំរវាងបាតុភូតទាំងពីរនេះ ដោយសារវាបង្កឱ្យមានភាព មើលឃើញមិនច្បាស់ដូចគ្នា និងបង្កើតស្ថានភាពបរិយាកាសស្រដៀងគ្នា។ ទោះជាយ៉ាងណាក៏ដោយ ពួកវាមានប្រភព និងឥទ្ធិពលខុសគ្នាស្រឡះ។
១. អ័ព្ទ (Fog)៖ បាតុភូតធម្មជាតិ
អ័ព្ទ (Fog) គឺជាបាតុភូតធម្មជាតិ ដែលកើតឡើងពេលមានដំណក់ទឹកតូចៗអណ្ដែតនៅក្នុងខ្យល់ ជាទូទៅនៅពេលអាកាសត្រជាក់ និងមានសំណើមខ្ពស់។ ជាទូទៅ អ័ព្ទមិនមានសារធាតុពុលទេ ហើយមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពឡើយ ប៉ុន្តែអាចបង្កអារម្មណ៍មិនស្រួលសម្រាប់អ្នកដែលមានជំងឺហឺត ឬប្រព័ន្ធដង្ហើមងាយរងផលប៉ះពាល់ ដោយសារសំណើមខ្ពស់។
២. អ័ព្ទផ្សែង (Haze)៖ បញ្ហាបរិស្ថាន
អ័ព្ទផ្សែង កើតឡើងពីការប្រមូលផ្តុំសារធាតុពុលក្នុងខ្យល់ ដូចជា ផ្សែង ធូលី និងភាគល្អិតតូចៗ (#PM2.5 និង PM10) ដែលភាគច្រើនកើតពីការបញ្ចេញផ្សែងយានយន្ត សកម្មភាពឧស្សាហកម្ម និងការដុតរុក្ខជាតិ ឬសំរាម។ ភាគល្អិតតូចៗទាំងនេះអាចចូលទៅជ្រៅក្នុងសួត និងចូលក្នុងឈាម បង្កហានិភ័យខ្ពស់ដល់សុខភាព។
៣.ផលប៉ះពាល់ដល់សុខភាពនៃ “អ័ព្ទផ្សែង” (Haze)
អាជ្ញាធរសុខាភិបាលបានបញ្ជាក់ថា ការប៉ះពាល់នឹងអ័ព្ទពុលអាចបណ្តាលឱ្យរលាកភ្នែក ក្អក ឈឺបំពង់ក ដង្ហើមខ្លី និងធ្វើឱ្យជំងឺដែលមានស្រាប់ដូចជា ហឺត រលាកសួត និងជំងឺបេះដូងធ្ងន់ធ្ងរឡើង។ ការប៉ះពាល់រយៈពេលវែងអាចបង្កហានិភ័យជំងឺផ្លូវដង្ហើម និងបេះដូងរ៉ាំរ៉ៃ ជាពិសេសចំពោះកុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំខ្លួន។
អ្នកជំនាញផ្នែកសុខាភិបាលណែនាំឱ្យកាត់បន្ថយសកម្មភាពក្រៅផ្ទះ នៅពេលមានអ័ព្ទពុល ពាក់ម៉ាស់ការពារ នៅពេលគុណភាពខ្យល់អន់ និងតាមដានព័ត៌មានគុណភាពខ្យល់ពីអាជ្ញាធរ។ ខណៈដែលអ័ព្ទធម្មតា ភាគច្រើនត្រូវប្រុងប្រយ័ត្នផ្នែកសុវត្ថិភាពចរាចរណ៍ប៉ុណ្ណោះ។
សរុបមក អ័ព្ទជាបាតុភូតធម្មជាតិដែលមានមូលដ្ឋានពីទឹក ហើយភាគច្រើនមិនប៉ះពាល់សុខភាពធ្ងន់ធ្ងរ ខណៈដែលអ័ព្ទផ្សែងមានសារធាតុពុលក្នុងខ្យល់ ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្ស៕
