ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចែកបណ្ណសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច ក្នុងគម្រោងបែងចែកដីសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដំណាក់កាលទី៣

ក្រចេះ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចែកបណ្ណសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច ក្នុងគម្រោងបែងចែកដីសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ស្ថិតនៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២០ ខែុមករា ឆ្នាំ២០២៥នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា អញ្ជើញមកតំបន់ភូមិភាគឦសានផ្ទាល់ មិនត្រឹមតែដើម្បីមកប្រគល់បណ្ណសមូហភាពជូនដល់បងប្អូនជនជាតិដើមភាគតិចប៉ុណ្ណោះទេ តែផ្ដោតសំខាន់លើ៖ ១. សំដៅបិទបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច។ ២. បញ្ចប់មន្ទិល និងកង្វល់ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច។ ៣. បង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច។ ជារួមយើងបិទបញ្ចប់ភាពជាកង្វល់នៅក្នុងសង្គមជាតិរបស់យើង ទាក់ទិនទៅនឹងសុវត្ថិភាពនៃការកាប់អចលទ្រព្យរបស់បងប្អូនជនជាតិដើមភាគតិចកម្ពុជា។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែទទួលស្គាល់បងប្អូនជនជាតិដើមភាគតិចជាជនជាតិដើមភាគតិចប៉ុណ្ណោះទេ ប៉ុន្តែតែងតែគោរព លើកតម្កើងវប្បធម៌អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច រួមទាំងការធ្វើសមាហរណកម្មទាំងសង្គម សេដ្ឋកិច្ច និងនយោបាយជូនដល់បងប្អូនជនជាតិដើមភាគតិច ព្រោះកម្ពុជាគឺជាសង្គមពហុវប្បធម៌ មិនមានការរើសអើង៕

