អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រកាសសមាសភាពប្រធានក្រុមប្រឹក្សា សង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់កំពង់ស្វាយ អាណត្តិទី៥
ភ្នំពេញ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលអភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សា សង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់កំពង់ស្វាយ អាណត្តិទី៥ ឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅសាលាសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ថ្លែងសំណេះសំណាល ទៅកាន់ក្រុមប្រឹក្សាសង្កាត់ថ្មី នាឱកាសនោះ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត បានសង្កត់ធ្ងន់ថា សង្កាត់កំពង់ស្វាយ មានសមាជិក ក្រុមប្រឹក្សាមកពីគណបក្សចំនួនពីរ តែទោះបីមកពីគណបក្សនយោបាយផ្សេងគ្នាក៏ដោយ ក៏សមាជិកក្រុមប្រឹក្សាសង្កាត់ថ្មីគ្រប់រូបត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យល្អប្រសើរ។
ឯកឧត្តម បន្ដថា ព្រមទាំងបន្តកសាងអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យកាន់តែរីកចម្រើនជឿនលឿនទ្វេរឡើង ជាពិសេសដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាធិបតេយ្យ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕