កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា

ភ្នំពេញ៖ សមាគមកាយឫទ្ធិនារីកម្ពុជា បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិ ថ្នាក់ដឹកនាំកាយឫទ្ធិនារី តំណាងយុវតី អ្នកគាំទ្រ និងបណ្តាដៃគូពាក់ព័ន្ធមកពីជុំវិញពិភពលោក មកកាន់ខេត្តសៀមរាប ក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក(WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ “យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព”។
សមាគមកាយឫទ្ធិនារីកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ភ្ញៀវកិត្តិយស មិត្តអន្តរជាតិ និងដៃគូទាំងអស់ ដែលនឹងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាស្វាគមន៍ពិភពលោក ដោយភាពកក់ក្តៅ វប្បធម៌ មិត្តភាព និងការប្តេជ្ញាចិត្តរួម ក្នុងការលើកកម្ពស់ក្មេងស្រី និងយុវតី៕

