ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន

ភ្នំពេញ៖ ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធាន ក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ, ប្រធានក្រុម ការងារ ទទួលបន្ទុកឃុំភ្នំបាត ឃុំផ្សារដែក និង ឃុំវិហារលួង អមដោយសហការី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បាននាំយកថវិកា គ្រឿងឧបភោគ-បរិភោគ ដែលជាអំណោយរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ងុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងលោកស្រី ផ្តល់ជូនក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ចំនួនគ្រួសារ ១១១គ្រួសារ ដែលកំពុងរស់នៅឃុំភ្នំបាត ឃុំផ្សារដែក និងឃុំវិហារលួង។
ក្នុងឱកាសនោះ ឯកឧត្តម កែវ បេងវឌ្ឍន៍ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្តេចទាំងពីរ តែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពូជសាសន៍ ឬបក្សពួកនិយមអ្វីឡើយ។ សម្តេចតែងតែព្រួយបារម្ភ ពីទុក្ខលំបាករបស់ក្រុមគ្រួសារវិរ:កងទ័ពជួរមុខ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារទឹកដី ពីការឈ្លានពានប្រទេសសៀម។
ដោយឡែក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានគិតគូរយ៉ាងម្មត់ចត់ទៅលើទុក្ខលំបាក និងបាននាំយកអំណោយជូនដល់ក្រុមគ្រួសារវិរ:កងទ័ពជួរមុខនៅពេលនេះ។
ទន្ទឹមនេះឯកឧត្តម កែវ បេងវឌ្ឍន៍ ក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋនៅគ្រប់ទិសទី បន្តសាមគ្គីជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្នេហាជាតិ និងចេះជួយគ្នាក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបទុក្ខលំបាក រួបរួមគ្នាក្នុងស្មារតីខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ។
ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងផ្តាំផ្ញើចំពោះអាជ្ញាធរមូលដ្ឋាន ដែលសហការគ្នាបានយ៉ាងល្អ ក្នុងការជួយដោះស្រាយក្នុងគ្រាលំបាក ជូនដល់ក្រុមគ្រួសារវិរ:កងទ័ពទាំងអស់បានទាន់ពេលវេលា។
សម្រាប់អំណោយត្រូវចែកជូន១១១ គ្រួសារដែលមកពីឃុំចំនួន៣ គឺ ឃុំភ្នំបាតចំនួន ៤៤ គ្រួសារ, ឃុំផ្សារដែកចំនួន ២៣ គ្រួសារ និងឃុំវិហារលួងចំនួន ៤៤ គ្រួសារ។ ដោយក្នុង ១គ្រួសារយុទ្ធជនជួរមុខទទួលបានថវិកាឧបត្ថម្ភចំនួន ២០០ ០០០ រៀល និងសម្ភារៈគ្រឿងឧបភោគបរិភោគមាន៖ អង្ករចំនួន ៥០ គីឡូក្រាម, ទឹកស៊ីអ៊ីវ ២ យួរ (១២ដប), ត្រីខចំនួន ៣០ កំប៉ុង និងសាច់ក្រកចំនួន ២ គីឡូក្រាម៕

