ប្រទេសហ្វាំងឡង់ ជោគជ័យក្នុងការបញ្ជូនអគ្គិសនីតាមអាកាស

បរទេស៖ អ្នកវិទ្យាសាស្ត្រ ទទួលបានជោគជ័យក្នុងការបញ្ជូនអគ្គិសនីតាមអាកាស ដោយប្រើរលកសំឡេងអ៊ុលត្រាសូនិក (ultrasonic) និង កាំរស្មីឡាស៊ែរ ដោយមិនចាំបាច់មានខ្សែភ្លើង។
ជាក់ស្តែង ប្រទេសហ្វាំងឡង់ កំពុងឈានមុខគេក្នុងបដិវត្តន៍ថាមពលឥតខ្សែ ខណៈដែលក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ ហែលស៊ីងគី (University of Helsinki) និង សាកលវិទ្យាល័យអ៊ូលូ (the University of Oulu) បានបង្កើតបច្ចេកវិទ្យាថ្មីៗ ដើម្បីផ្លាស់ទីអគ្គិសនីដោយមិនប្រើខ្សែ។
តាមរយៈការស្រាវជ្រាវនោះ គឺបង្ហាញពីការរីកចម្រើនដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺការប្រើរលកសំឡេងអ៊ុលត្រាសូនិកកម្លាំងខ្ពស់ ដើម្បីបង្កើត «ផ្លូវអាកាសមើលមិនឃើញ» ដែលអាចនាំភ្លើងឲ្យឆ្លងកាត់តាមទិសដៅដែលបានគ្រប់គ្រងយ៉ាងច្បាស់។
បច្ចេកវិទ្យានេះត្រូវបានហៅថា «ខ្សែសំឡេង» (Acoustic Wire)។ បច្ចុប្បន្ន បច្ចេកវិទ្យានេះនៅស្ថិតក្នុងដំណាក់កាលសាកល្បង ប៉ុន្តែអ្នកវិទ្យាសាស្ត្ររំពឹងថា នៅពេលអនាគត វាអាចអនុញ្ញាតឲ្យមានការតភ្ជាប់អគ្គិសនីដោយមិនប៉ះពាល់ និងបង្កើតចំណុចប្រទាក់ឆ្លាតវៃ ដែលដំណើរការដោយគ្មានដោតភ្លើង ឬខ្សែប្រពៃណី។ ក្រៅពីការប្រើសំឡេងដឹកនាំថាមពល ការច្នៃប្រឌិតរបស់ហ្វាំងឡង់ ក៏កំពុងប្រើប្រាស់ ពន្លឺ និងរលកវិទ្យុ ដើម្បីដោះស្រាយបញ្ហាថាមពលស្មុគស្មាញផងដែរ។
វិស័យឯកជន កំពុងអភិវឌ្ឍប្រព័ន្ធ «ថាមពលតាមពន្លឺ» (Power-by-Light) ដែលប្រើកាំរស្មីឡាស៊ែរកម្លាំងខ្ពស់ ដើម្បីបញ្ជូនអគ្គិសនីទៅកាន់ឧបករណ៍ទទួលនៅចម្ងាយ ធានាបាននូវការបំបែកអគ្គិសនីសុវត្ថិភាព សម្រាប់បរិស្ថានគ្រោះថ្នាក់ ដូចជា រោងចក្រនុយក្លេអ៊ែរ និងស្ថានីយ៍តង់ស្យុងខ្ពស់។
ជាមួយគ្នានេះដែរ ការអភិវឌ្ឍន៍ក្នុងការប្រមូលថាមពលពី រលកវិទ្យុ (Radio Frequency Harvesting) កំពុងបម្លែងរលកជុំវិញខ្លួនឲ្យក្លាយជា «Wi-Fi សម្រាប់ថាមពល» ដែលអាចកាត់បន្ថយ ឬលុបបំបាត់ការប្រើប្រាស់ថ្មចោលរាប់លានគ្រាប់ សម្រាប់ឧបករណ៍ IoT ប្រើថាមពលទាប។ បច្ចេកវិទ្យាទាំងនេះ បង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់ មកកាន់ហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលមានភាពបត់បែនខ្ពស់ និងគ្មានខ្សែ សម្រាប់វិស័យឧស្សាហកម្មទូទាំងពិភពលោក៕

