លោក Macron៖ ការគំរាមយកពន្ធគយរបស់លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងបញ្ហាដែនដី Greenland គឺជារឿងមិនអាចទទួលយកបាន

ប៉ារីស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃសៅរ៍ ទី១៧ ខែមករា បាននិយាយថាការគំរាមយកពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងបញ្ហាដែនដី Greenland គឺជារឿងមិនអាចទទួលយកបាន ហើយថាប្រសិនបើការគំរាមនេះក្លាយជាការពិត នោះអឺរ៉ុបនឹងចាត់វិធានការឆ្លើយតបវិញយ៉ាងសមស្រប។
លោក Macron បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថា «គ្មានការសម្លុតគំរាម ឬការគំរាមកំហែងណាដែលអាចមានឥទ្ធិពលលើពួកយើង នោះទេ មិនថាពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន ឬ Greenland ឬបញ្ហានៅកន្លែងផ្សេងទៀតនៅលើពិភពលោកនោះឡើយ នៅពេលដែលយើងបានប្រឈមនឹងស្ថានការណ៍ បែបនេះ»។
លោកបន្តថា «ការសម្លុតគំរាមពន្ធគយជារឿងមិនអាចទទួលយកបាន ហើយមិនមានអ្វីអាចយកមកធ្វើជាលេសទេ។ អឺរ៉ុបនឹងធ្វើការឆ្លើយតប នៅក្រោមការរួបរួមគ្នា និងសម្របសម្រួល ប្រសិនបើការគំរាមទាំងនោះក្លាយជាការពិតមែននោះ»។
គួរជម្រាបជូនថា កាលពីថ្ងៃសុក្រ ទី១៦ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថារូបលោកអាចនឹងដំឡើងពន្ធគយលើ ប្រទេសទាំងឡាយណាដែលមិនគាំទ្រ ឬប្រឆាំងនឹងផែនការចង់គ្រប់គ្រងកោះ Greenland របស់លោក។ ជាថ្មីម្តងទៀត លោក ត្រាំ បានបន្តទទូចថា សហរដ្ឋអាមេរិកត្រូវការ Greenland ដែលជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាកសម្រាប់សន្តិសុខជាតិ ហើយលោកថែមទាំងបានព្រមានថា រូបលោកប្រហែលនឹងដំឡើងពន្ធលើបណ្តាប្រទេសទាំងឡាយណាដែលហ៊ានជំទាស់នឹងគំនិតនេះ៕

