រដ្ឋបាលថ្នាក់ក្រោមជាតិ កំណត់ពីអទិភាពគម្រោងសកម្មភាពបន្ស៊ាំថ្នាក់ក្រោមជាតិក្នុងក្របខណ្ឌ NDC3.0

ភ្នំពេញ៖ ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម NCDD និងអងគការកម្មវិធីស្បៀងអាហារ ពិភពលោក (WFP) បានរៀបចំ«សិក្ខាសាលាផ្សព្វផ្សាយស្តីពីផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី៣ (NDC3.0)» និងការរៀបចំគម្រោងថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម គន់ សុភា អភិបាលរងនៃខេត្តកំពង់ចាម លោក Fumitsugu TOSU ប្រធានកម្មវិធីនៃអង្គការស្បៀងអាហារពិភពលោក ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមន្ទីរវិស័យមកពីខេត្តពោធិសាត់ កំពង់ឆ្នាំង កំពង់ចាម និងត្បូងឃ្មុំ និងក្រុមប្រឹក្សាឃុំ ស្រុក មកពីស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកពញាក្រែក និងអង្គការជាតិ និងអន្តរជាតិ ប្រមាណ១៣០នាក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។
ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តម ជួប បារីស៍ បានគូសបញ្ជាក់ឱ្យដឹងថា ផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី៣ (NDC3.0) ដែលយើងកំពុងផ្សព្វផ្សាយនាថ្ងៃនេះ មិនមែនគ្រាន់តែជាឯកសារគោលនយោបាយសម្រាប់ដាក់ជូនអង្គការសហប្រជាជាតិ (UNFCCC) ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ផែនទីបង្ហាញផ្លូវ» នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដែលធន់នឹងអាកាសធាតុ និងមានការបញ្ចេញកាបូនទាប។ ជាមួយគ្នានេះ ក្នុងនាមជាប្រទេសសមាជិក នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ កម្ពុជាតែងផ្តល់ការគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពពហុភាគីលើការដោះស្រាយការប្រែប្រួលអាកាសធាតុ និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ធ្វើយ៉ាងណាកំណត់ការកើនឡើងកម្តៅផែនដីឱ្យនៅក្រោមកម្រិត ២ អាង្សារសែសស៊ុស និងបន្តកិច្ចខិតខំប្រឹងប្រែងនានាសំដៅកំណត់ការកើនឡើងសីតុណ្ហភាពក្រោម ១.៥ អាង្សារសែសស៊ុស ធៀបនឹងកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម។
ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងទៀតថា ការដោះស្រាយបញ្ហានៃប្រែប្រួលអាកាសធាតុនៅគ្រប់កម្រិត ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី តាមរយៈការអនុវត្តគោលនយោបាយ ផែនការសកម្មភាពច្បាស់លាស់ ជាពិសេសតាមរយៈការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការតាមវិស័យ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ មិនមែនជាភារកិច្ចរបស់ស្ថាប័នណាមួយដាច់ដោយឡែកនោះទេ ប៉ុន្តែវាទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។ ជាក់ស្តែងដើម្បីឆ្លើយតបចំពោះផលប៉ះពាល់ជាអវិជ្ជមានទាំងអស់នេះ កម្ពុជាបានរៀបចំនិងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន, ផែនការយុទ្ធសាស្រ្តជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា មានរយៈពេល១០ឆ្នាំ (២០២៤-២០៣៣) និង NDC3.0, ជាដើម។
តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនៅពេលនេះ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា មន្ទីរ-វិស័យនឹងចូលរួមពិនិត្យ និងជជែកពិភាក្សាផ្លាស់ប្តូរព័ត៌មាន យើងនឹងអាចសម្រេចបាននូវធាតុចូលសំខាន់ៗ ដើម្បីឈានទៅកំណត់គម្រោងអាទិភាពបន្ស៊ាំនិងការប្រែប្រួលអាកាសធាតុ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រុយ ចំគោលដៅ និងផ្តល់ផលប្រយោជន៍ពិតប្រាកដដល់សហគមន៍មូលដ្ឋាន ក៏ដូចជាដើម្បីប្រែក្លាយគោលនយោបាយ NDC 3.0 ឱ្យទៅជាសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព៕

