រដ្ឋមន្ត្រី ហួត ហាក់៖ ភាពសុខដុមនីយកម្មនៅក្នុងអង្គភាព គឺជាការងារអាទិភាពចាំបាច់មិនអាចខ្វះបាន ដែលតម្រូវឱ្យសមាជិកត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាសម្រេចឱ្យបាននូវសមិទ្ធផល និងស្នាដៃជូនអង្គភាពរបស់ខ្លួនដែលកំពុងបម្រើការ

ភ្នំពេញ៖ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបស់នាយកដ្ឋានធនធានមនុស្ស ដើម្បីស្តាប់នូវចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្ត។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឱ្យថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីនៃនាយកដ្ឋានត្រូវបន្តពង្រឹងចំណង់សាមគ្គីភាពបន្ថែមទៀត ដោយត្រូវធ្វើយ៉ាងណាឱ្យមាននូវសុខដុមនីយកម្មនៅក្នុងអង្គភាព ដើម្បីធានាដល់ការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ, ឯកឧត្តមអគ្គនាយក, លោក លោកស្រី អគ្គនាយករងទទួលបន្ទុក, ប្រធាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីនៃនាយកដ្ឋានសរុបទាំងអស់ចំនួន ៣៥នាក់។
សូមបញ្ជាក់ជូនថា នេះជាកិច្ចប្រជុំលើកទី២ និងជាអង្គភាពទី៧ ដែលឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋាន៕

