អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំជំរុញការប្រមូលចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជំរុញការប្រមូលចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាខេត្ត។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូលថវិកាសម្រាប់ខេត្តកំពង់ឆ្នាំង ក្នុងនោះមានកំណត់គោលដៅអំពីការគ្រោង ការប្រមូល ការបែងចែកការបង់ និងការប្រើប្រាស់ចំណូលដែលបានពីកម្រៃនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗ ប្រភពចំណូលមិនមែនសារពើពន្ធ តាមរយៈការប្រគល់ ឬការធ្វើប្រតិភូកម្មមុខងារពីក្រសួង-ស្ថាប័ននានា រដ្ឋបាលក្រុង-ស្រុក និងអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ក៏បានជំរុញឲ្យថ្នាក់ដឹកនាំនៃមន្ទីរ-អង្គភាពនីមួយៗ ត្រូវបង្កើនស្មារតីលើការរៀបចំគម្រោងចំណូលថវិការបស់ខេត្តកំពង់ឆ្នាំងសម្រាប់ឆ្នាំ២០២៦ ដើម្បីជួយបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសេដ្ឋកិច្ច-សង្គមនៅក្នុងខេត្ត សំដៅបម្រើប្រយោជន៍សាធារណៈ ក៏ដូចជាប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងថែមទៀត៕

