សប្បុរសជនជាតិ និង អន្តរជាតិបន្តចូលរួមចំណែកជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងសកម្មភាពមនុស្សធម៌

ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់ប្រគល់ប័ណ្ណថ្លែងអំណរគុណជូនលោក “UDO BöTTCHER” និងលោកស្រី “SOPHEA BöTTCHER” មកពីប្រទេសអាល្លឺម៉ង់ ដែលបានឧបត្ថម្ភថវិកាចំនួន ១០០,០០០ (ដប់ម៉ឺន) ដុល្លារសហរដ្ឋអាមេរិកគត់ ជូន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងរួមចំណែកជាមួយសមាគម បំពេញរាល់បេសកកម្មពិនិត្យ ព្យាបាល ថែទាំសុខភាព និងជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។
សូមបញ្ជាក់ផងដែរថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា TYDA ក្រោមការដឹកនាំផ្ទាល់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA រួមជាមួយ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បាននិងកំពុងបំពេញកិច្ចការមនុស្សធម៌ជាច្រើន តាមរយៈកម្លាំងស្ម័គ្រចិត្តពីគ្រប់មជ្ឈដ្ឋានសុខាភិបាល ចុះជួយពិនិត្យ ព្យាបាលជំងឺជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ គ្រប់ទីតំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាចំណែករួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជានូវសុខភាពល្អមាំមួន និងជីវភាពល្អប្រសើរ ។
ក្នុងនោះផងដែរ ដោយទឹកចិត្តចង់រួមចំណែកជាមួយសមាគម ក៏ដូចជាចូលរួមជួយជីវិតប្រជាជនកម្ពុជា សប្បុរសជនជាច្រើនទាំងក្នុង និងក្រៅប្រទេស តែងផ្តល់ជំនួយមិនថាជាសម្ភារៈ មិនថាជាថវិកា ជូនដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលនេះជាកម្លាំងសាមគ្គីដ៏រឹងមាំមួយក្នុងស្មារតី ខ្មែរតែមួយ ។ ជាក់ស្តែង លោក “UDO BöTTCHER” និងលោកស្រី “SOPHEA BöTTCHER” ដែលត្រូវបានគេស្គាល់ថាជាសប្បុរសជនប្រកបដោយទឹកចិត្ត និង បេះដូងស្រលាញ់ខ្មែរបាននិងកំពុងជួយ ហើយនឹងបន្តជួយបន្ថែមទៀតនាពេលអនាគតប្រកបដោយឆន្ទ:មោះមុត និងជ្រះថ្លាបំផុត៕

