សម្តេចធិបតី និងលោកជំទាវបណ្ឌិត អនុញ្ញាតឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នាំវីរកងទ័ពឈ្មោះ “វ៉ា មករា” ជាកងទ័ពជួរមុខ មកទទួលការព្យាបាលដោយការវះកាត់ នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុត «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំវីរកងទ័ពឈ្មោះ “វ៉ា មករា” អាយុ ៣៧ឆ្នាំ ជាកងទ័ពជួរមុខ មកទទួលការព្យាបាលដោយការវះកាត់ នៅមន្ទីរពេទ្យកាល់ម៉ែត។
កន្លងមកវីរកងទ័ពមានជំងឺខូចប្រឹសបេះដូង រ៉ាំរ៉ៃ និងបេះដូងចំហ ដែលបានធ្វើទុក្ខខ្លាំងចាប់ពីឆ្នាំ ២០២២ មក ដោយមានអាការៈណែនទ្រូង ពិបាកដង្ហើម ហត់ និងញ័រទ្រូងខ្លាំង នាំឱ្យវីរកងទ័ពមានការលំបាកក្នុងការបំពេញការងារប្រចាំថ្ងៃ។
ជាភ័ព្វសំណាង ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់បំផុតរបស់ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ក្រុមវេជ្ជបណ្ឌិតឯកទេសរបស់សមាគម TYDA បានធ្វើការព្យាបាលវីរកងទ័ព រហូតទទួលបានភាពជោគជ័យ។
វីរកងទ័ព និងក្រុមគ្រួសារ សូមគោរពអរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូន «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី» ដែលលោកទាំងពីរតែងតែគិតគូដល់សុខទុក្ខកងទ័ព ក៏ដូចជាប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល ថ្លៃអាហារប្រចាំថ្ងៃ និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងដ៏ខ្ពង់ខ្ពស់បំផុតដោយ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត»៕

