លោក ដូណាល់ ត្រាំ ថារូបលោក និងប្រធានាធិបតីអ៊ុយក្រែន បានខិតកាន់តែជិតដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងមួយដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

បរទេស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៨ ខែធ្នូថារូបលោក និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានខិតកាន់តែជិតដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងមួយដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈទទួលស្គាល់ថាជោគវាសនានៃតំបន់ដុនបាសនៅតែជាបញ្ហាដ៏សំខាន់មិនទាន់អាច ត្រូវបានដោះស្រាយបាននៅឡើយ។
លោក ត្រាំ និងលោក ហ្សេលេនស្គី បានថ្លែងនៅឯសន្និសីទសារព័ត៌មានរួមគ្នាមួយ បន្ទាប់ពីកិច្ចប្រជុំនៅឯភូមិគ្រឹះ Mar-a-Lago របស់លោក ត្រាំ ក្នុងរដ្ឋ Florida កាលពីរសៀលថ្ងៃអាទិត្យ។
មេដឹកនាំទាំង២ បានរាយការណ៍ពីភាពរីកចម្រើនលើបញ្ហាសំខាន់ចំនួន២ ដែលជាចំណុចខ្ទាស់ធំបំផុតនៅក្នុងកិច្ចចរចាស្វែងរកសន្តិភាព នោះគឺការធានាសន្តិសុខសម្រាប់អ៊ុយក្រែន និងទឹកដីនៃ តំបន់ដុនបាសរបស់អ៊ុយក្រែនដែលរុស្ស៉ីកំពុងព្យាយាមវាយដណ្ដើមកាន់កាប់។
ទាំងលោក ត្រាំ និងលោក ហ្សេលេនស្គីមិនបានផ្ដល់ព័ត៌មានលម្អិតអ្វីទេ ហើយក៏មិនបានបង្ហើបឱ្យដឹងពីកាលបរិច្ឆេទដើម្បីបង្ហើយកិច្ចព្រមព្រៀងសន្តិភាពនោះដែរ បើទោះជាលោក ត្រាំ បាននិយាយថាអ្វីៗនឹងបង្ហាញយ៉ាងច្បាស់នៅប៉ុន្មានសប្ដាហ៍ខាងមុខថាតើកិច្ចចរចាបិទបញ្ចប់សង្រ្គាមនឹងទទួលបានជោគជ័យឬក៏អត់ក៏ដោយ។ លោកក៏បានទទួលស្គាល់ដែរថាមាន បញ្ហាស្មុគស្មាញមួយចំនួនជាពិសេសគឺបញ្ហាទឹកដីដែលនៅមិនទាន់អាចដោះស្រាយបាននៅឡើយ៕
