សប្ដាហ៍ទី៤ នៃខែវិច្ឆិកា ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ និង អនុញ្ញាតចំនួន ៣៣ករណី

សៀមរាប៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។
ជាក់ស្ដែងក្នុងសប្ដាហ៍ទី៤នៃខែវិច្ឆិកា ក្រុមការងារសហគមន៍បានចុះ ពិនិត្យសំណើបានចំនួន ៣៨ករណី និងសម្រេចអនុញ្ញាតបានចំនួន ៣៣ករណី ទៅតាមបណ្ដាលស្រុក/ក្រុងទាំង៧។
សូមជម្រាបថា រាល់ការដាក់ពាក្យស្នើសុំច្បាប់ និងការអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។ ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងលឺ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕

