អាម៉េរិក វាយប្រហារកម្ទេចទីតាំងឃ្លាំងអាវុធ១៥កន្លែង របស់រដ្ឋអ៊ីស្លាមនិយម ដែលកំពុងលាក់ខ្លួននៅឯភាគខាងត្បូងប្រទេសស៊ីរី

វ៉ាស៊ីនតោន៖ យោធាសហរដ្ឋអាម៉េរិក បានអះអាងកាលពីថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកាថា ខ្លួនបានវាយប្រហារកម្ទេចទីតាំងឃ្លាំងអាវុធចំនួន១៥កន្លែង របស់រដ្ឋអ៊ីស្លាមនិយម ឬហៅកាត់ថា ISIS ដែលកំពុងលាក់ខ្លួនពួនអាត្មាក្នុងសំបុកនៅឯភាគខាងត្បូងប្រទេសស៊ីរី នាពេលថ្មីៗនេះ។
ជាក់ស្តែង ទីបញ្ជាការយោធាកណ្តាលរបស់សហរដ្ឋអាម៉េរិក (CENTCOM) បានបញ្ជាក់ថា ខ្លួន និងកងកម្លាំងស៊ីរី បានកំណត់គោលដៅ និងបំផ្លាញកន្លែងស្តុកទុកអាវុធនៅទូទាំងខេត្តរីហ្វដាម៉ាស(Rif Damashq) ក្នុងអំឡុងពេលការវាយប្រហារតាមអាកាស និងការបំផ្ទុះទម្លុះផ្ទៃដីជាច្រើនលើក ខណៈការវាយប្រហារទាំងនេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកាដល់ថ្ងៃទី២៧ ខែវិច្ឆិកា។
លើសពីនេះ CENTCOM បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រតិបត្តិការរួមគ្នា បានកម្ទេចកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតជាង១៣០ដើម កាំភ្លើងវាយប្រហារជាច្រើនដើម កាំភ្លើងយន្ត មីនប្រឆាំងរថក្រោះ និងសម្ភារសម្រាប់ផលិតឧបករណ៍បំផ្ទុះ ដែលមិនមានលក្ខណៈច្នៃប្រឌិតជាច្រើនទៀត»។
លោក ប្រេដ ខូភើ (Brad Cooper) មេបញ្ជាការ CENTCOM បានសង្កត់ធ្ងន់កាលពីថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកាថា ប្រតិបត្តិការវាយប្រហារនេះ ធានាថា ការកើនឡើងដែលធ្វើឡើងប្រឆាំងនឹងក្រុម ISIS គឺឋិតថេរ និងយូរអង្វែង។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធ្វើឱ្យស៊ីរីទទួលបានជោគជ័យ បន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃទី១០វិច្ឆិកា ជាមួយប្រធានាធិបតីស៊ីរី លោក អាម៉េដ អាល់សារ៉ា (Ahmed al-Sharaa) អតីតមេបញ្ជាការអាល់កៃដា។
គួររំឭកថា រដ្ឋាភិបាលស៊ីរីបានអនុវត្តប្រតិបត្តិការបណ្តោះអាសន្នទូទាំងប្រទេស ដោយផ្តោតលើបណ្តាញកោសិការដ្ឋអ៊ីស្លាមនៅប៉ុន្មានថ្ងៃមុនកិច្ចចរចារបស់លោក អាល់សារ៉ា នៅរដ្ឋធានីវ៉ាស៊ីនតោន។ គោលបំណងសំខាន់មួយរបស់ លោក សារ៉ា ក្នុងជំនួបជាមួយ ត្រាំ គឺដើម្បីជំរុញឱ្យមានការដកចេញទាំងស្រុងនូវទណ្ឌកម្មដ៏តឹងតែងបំផុតរបស់សហរដ្ឋអាម៉េរិក ប្រឆាំងប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ។
គេនៅចាំបានថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានប្រកាសពន្យារពេល១៨០ថ្ងៃនៃការផ្អាកលើការអនុវត្តទណ្ឌកម្ម ប៉ុន្តែមានតែសភាសហរដ្ឋអាម៉េរិកប៉ុណ្ណោះ ដែលមានឆន្ទានុសិទ្ធដកចេញបានទាំងស្រុងនូវទណ្ឌកម្មលើប្រទេសនេះ។
គួរបញ្ជាក់ឡើងវិញថា ក្រុមរដ្ឋអ៊ីស្លាមនិយម ឬ ISIS គឺជាក្រុមសកម្មប្រយុទ្ធ ដែលធ្លាប់ដាក់ការគ្រប់គ្រងរដ្ឋអ៊ីស្លាមជ្រុលនិយមលើមនុស្សរាប់លាននាក់ នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ ប៉ុន្តែក្រុមនេះ ត្រូវបានកម្ទេចដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាម៉េរិកកាលពីប៉ុន្មានឆ្នាំមុន តែពួកគេបានកសាង និងបង្កើតក្រុមនេះឡើងវិញ៕

