លោក ដូណាល់ ត្រាំ សន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីវ៉េណេស៊ុយអេឡា កាលពីសប្ដាហ៍មុន

វ៉ាស៊ីនតោន៖ កាសែតអាមេរិក New York Times បានរាយការណ៍ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបើកកិច្ចសន្ទនាជាមួយប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ កាលពីសប្ដាហ៍មុន និងបានពិភាក្សាគ្នាពីលទ្ធភាពអំពីការរៀបចំជំនួបរវាងមេដឹកនាំ នៃប្រទេសទាំង២នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដោយផ្អែកលើប្រភពជាច្រើនដែលខ្លួនទទួលបាន និងបានដឹងពីកិច្ចសន្ទនាខាងលើ New York Times បានឱ្យដឹងទៀតថាក្នុងពេលបច្ចុប្បន្ន មិនមានគម្រោងសម្រាប់ការរៀបចំជំនួបរវាងលោក ត្រាំ និងលោក ម៉ាឌូរ៉ូនោះទេ តែប្រសិនបើជំនួបនេះកើតឡើងពិតមែន នោះវានឹងក្លាយជាលើកដំបូងបំផុតមិនធ្លាប់មានដែលមេដឹកនាំវ៉េណេស៊ុយអេឡាជួបជាមួយប្រធានាធិបតីអាមេរិក។
ការទម្លាយឱ្យដឹងពីកិច្ចសន្ទនាតាមទូរស័ព្ទខាងលើកើតមានឡើងខណៈលោក ត្រាំ កំពុងបន្តប្រើប្រាស់វោហាសាស្ត្រសម្លុតគំរាមវ៉េណេស៊ុយអេឡាផង និងបើកចំហទ្វារ សម្រាប់កិច្ចចរចាផង។
លោក ត្រាំ កន្លងមកក៏បានបង្ហើបដែរថាលោកបើកចំហចំពោះកិច្ចសន្ទនាជាមួយលោក ម៉ាឌូរ៉ូ។ ខាងសេតវិមានមិនបានធ្វើអត្ថាធិប្បាយអ្វីទេ ជុំវិញការចុះផ្សាយរបស់ New York Times ដែលធ្វើឡើងបន្ទាប់ពីលោក ត្រាំ ប្រកាសថាសហរដ្ឋអាមេរិកអាចនឹងធ្វើសកម្មភាពប្រឆាំងនឹង ពួកឧក្រិដ្ឋជនគ្រឿងញៀនវ៉េណេស៊ុយអេឡាតាមផ្លូវគោកឆាប់ៗខាងមុខនេះ៕

