ឯកឧត្តម គួច ចំរើន អញ្ជើញដាក់ព្រះនេត្រ រូបសំណាកព្រះស្កន្ទគង់លើក្ងោក បន្ទាប់ពីបានលើកដាក់លើបល្ល័ង្ករួចរាល់

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញដាក់ព្រះនេត្រ រូបសំណាកព្រះស្កន្ទគង់លើក្ងោក ស្ថិតនៅចំណុចប្រសព្វវិថី២ធ្នូ និងវិថីសម្តេចតេជោ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទាប់ពីបានលើកដាក់លើបល្ល័ង្ករួចរាល់។
រូបសំណាកព្រះស្កន្ទគង់លើក្ងោក គឺជារូបសំណាកទី៤ បន្ទាប់ពីរូបសំណាកធំៗចំនួន៣ផ្សេងទៀតដែលត្រូវបានកសាងរួចរាល់ដាក់ឱ្យដំណើរការ នៅលើទឹកដី នៃខេត្តព្រះសីហនុ ហើយបានទាក់ទាញនូវចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអញ្ជើញ មកទស្សនា និងថតផ្តិតយករូបភាពយ៉ាងច្រើនកុះករនាពេលបច្ចុប្បន្ន។
សូមជម្រាបជូនថា រូបសំណាកព្រះស្កន្ទគង់លើក្ងោក ធ្វើពីស្ពាន់ទម្ងន់១៥តោន ព្រះនេត្រធ្វើពីត្បូងនិល ព្រះហស្ថស្តាំកាន់ត្រីសូរ ព្រះហស្ថឆ្វេងកាន់ឈូក មាន កម្ពស់ សរុបប្រមាណ១៤ម៉ែត្រ ក្នុងនោះរូបសំណាកព្រះស្កន្ទមានកម្ពស់៧ម៉ែត្រ និងបល្ល័ង្កកម្ពស់៧ម៉ែត្រ ៕

