ជប៉ុនបញ្ចេញយន្តហោះចម្បាំង បន្ទាប់ពីបានរកឃើញយន្តហោះគ្មានមនុស្សបើក (ដ្រូន)របស់ចិន ដែលសង្ស័យថា ហោះចេញពីកោះមួយក្បែរកោះតៃវ៉ាន់

តូក្យូ៖ ជប៉ុនកាលពីថ្ងៃទី២៥វិច្ឆិកា បានបញ្ចេញយន្តហោះចម្បាំង បន្ទាប់ពីបានរកឃើញយន្តហោះគ្មានមនុស្សបើក (ដ្រូន)របស់ចិន ដែលសង្ស័យថា ហោះចេញពីកោះមួយក្បែរកោះតៃវ៉ាន់។
យន្តហោះគ្មានមនុស្សបើក ត្រូវបានគេប្រទះឃើញចេញពីកោះ Yonaguni របស់ប្រទេសជប៉ុន ជាកោះមួយដែលរាជធានីតូក្យូគ្រោងនឹងដាក់ពង្រាយមីស៊ីល ធ្វើឱ្យរដ្ឋធានីប៉េកាំងក្ដៅស្លឹកត្រចៀក។
ក្រសួងការពារជាតិជប៉ុន បានបញ្ជាក់នៅថ្ងៃទី២៥វិច្ឆិកាថា៖«យន្តហោះគ្មានមនុស្សបើកដែលជឿថាជារបស់ចិន បានឆ្លងកាត់រវាងកោះ Yonaguni និងកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទទី២៤វិច្ឆិកា។
កងកម្លាំងស្វ័យការពារដែនអាកាសរបស់ជប៉ុន ក្នុងតំបន់បានបញ្ចេញយន្តហោះជាការឆ្លើយតប។» ទំនាក់ទំនងរវាងរដ្ឋធានីប៉េកាំង និងតូក្យូ បានធ្លាក់ចុះនៅក្នុងខែនេះ បន្ទាប់ពីមានការកត់សម្គាល់របស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណា តាកៃឈី ដែលស្នើថា រាជធានីតូក្យូអាចធ្វើអន្តរាគមន៍ផ្នែកយោធា ប្រសិនបើមានការវាយប្រហារណាមួយលើកោះតៃវ៉ាន់។
ជម្លោះបានផ្ទុះឡើងជាថ្មីម្ដងទៀត កាលពីថ្ងៃទី២៤វិច្ឆិកា នៅពេលប្រទេសចិនបានថ្កោលទោសការសម្រេចចិត្តរបស់ប្រទេសជប៉ុន ក្នុងការជំរុញទៅមុខជាមួយនឹងការគ្រោងដាក់ពង្រាយមីស៊ីលនៅលើកោះ Yonaguni បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់កោះដោយរដ្ឋមន្ត្រីការពារជាតិ លោក ស៊ីនជីរ៉ូ កូហ្ស៊ូមី (Shinjiro Koizumi)។
ក្រសួងការបរទេសចិនអះអាងថា ផែនការនេះ គឺជាការប៉ុនប៉ងដោយចេតនា ដើម្បីបង្កើតភាពតានតឹងក្នុងតំបន់ និងបង្កឱ្យមានការប្រឈមមុខដាក់គ្នាខាងយោធា។
លោក កូហ្ស៊ូមី បានឆ្លើយតបវិញថា មីស៊ីលរយៈចម្ងាយមធ្យមដែលគ្រោងដាក់ពង្រាយ គឺជាឧបករណ៍ការពារដែលមានគោលបំណងប្រឆាំងនឹងយន្តហោះ និងមីស៊ីលដែលឈ្លានពានប្រទេសរបស់ខ្លួន។
លោកបានប្រាប់អ្នកយកព័ត៌មានថា៖«មីស៊ីលទាំងនេះមិនមែនសម្រាប់វាយប្រហារប្រទេសផ្សេងទៀតទេ។ ជាក់ស្តែង វាត្រូវបានដាក់ពង្រាយទូទាំងប្រទេសជប៉ុន ហើយច្បាស់ណាស់មិនបង្កើនភាពតានតឹងក្នុងតំបន់នោះឡើយ»៕

