នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ ដោយមានការអញ្ជើញចូលរួមជាអធីបតីពី លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
សិក្ខាសាលាខាងលើមានគោលបំណងពិភាក្សា ប្រមូលធាតុចូលបន្ថែមពាក់ព័ន្ធនឹងការអនុវត្តការងាររបស់មន្រ្តីភូមិ រួមមាន មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញតួនាទី និងភារកិច្ចរបស់មន្ត្រីភូមិ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងបញ្ហា និងតម្រូវការនានារបស់ប្រជាពលរដ្ឋក្នុងភូមិរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ មានការចូលរួមពីរក្រុមការងារនៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ទីប្រឹក្សាបច្ចេកទេស តំណាងយូនីសេហ្វ តំណាងទីចាត់ការផែនការវិនិយោគ និងទីចាត់ការគ្រប់គ្រងធនធានមនុស្សរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រៃវែង តំណាងរដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ អ ក ន ក ឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ សរុបប្រមាណ ៦៥រូប ស្រី ១៨រូប៕

