អេស្ប៉ាញ ប្រកាសផ្តល់ថវិកាជាង ៩៤៦លានដុល្លារអាមេរិកជាកញ្ចប់យោធា និងជំនួយសម្រាប់អ៊ុយក្រែន

ម៉ាឌ្រីដ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ អេស្ប៉ាញ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសផ្តល់ថវិកាជាង ៩៤៦លានដុល្លារអាមេរិកជាកញ្ចប់យោធា និងជំនួយដ៏ទៀតសម្រាប់អ៊ុយក្រែន អំឡុងទស្សនកិច្ចរបស់ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ខណៈដែលលោក មានបំណងពង្រឹងការការពារដែនអាកាស ប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។
នៅក្នុងកញ្ចប់ជំនួយយោធានេះ ថវិកា ៣៤៧លានដុល្លារអាមេរិក គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិសុខ និងការពារជាតិទ្វេភាគី រយៈពេល ១០ឆ្នាំ ដែលអ៊ុយក្រែន និងអេស្ប៉ាញចុះហត្ថលេខាក្នុងខែឧសភា ឆ្នាំ ២០២៤។
តាមនាយករដ្ឋមន្រ្តី លោក Pedro Sanchez នៅក្នុងកិច្ចព្រមព្រៀងឆ្នាំ ២០២៤ អេស្ប៉ាញ នឹងទិញសម្ភារៈយោធាអាមេរិកតម្លៃជាង ១១៥លានដុល្លារ ក្រោមគំនិតផ្តួចផ្តើមបំពេញតម្រូវការអាទិភាពសម្រាប់អ៊ុយក្រែន របស់អង្គការណាតូ។ វាក៏រួមបញ្ចូលផងដែរនូវឥណទានជាង ២៣១លានដុល្លារ សម្រាប់ក្រុមហ៊ុនវិនិយោគលើការងារកសាងអ៊ុយក្រែនឡើងវិញ ដោយផ្តោតជាពិសេសលើវិស័យថាមពល ដឹកជញ្ជូន និងការគ្រប់គ្រងទឹក៕
