ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន៖ ថវិកាឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ស្របតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ និងឈរលើការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើទិដ្ឋភាពធំៗចំនួន ៣

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា «ថវិកាឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ស្របតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ និងឈរលើការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើទិដ្ឋភាពធំៗចំនួន ៣ រួមមាន៖ ១)- និន្នាការថមថយនៃចំណូល ២)-សម្ពាធនៃតម្រូវការចំណាយដែលមានការកើនឡើង ហើយដែលមុខសញ្ញាខ្លះត្រូវមានកំណើនជាចាំបាច់ ពិសេស កិច្ចការការពារអធិបតេយ្យ និងបូរណភាពទឹកដី ប្រាក់សោធន កម្មវិធីគាំពារសង្គម បដិភាគនៃការវិនិយោគ សេវាបំណុលជាដើម និង ៣)-ការស្រកស្រុតនៃប្រាក់សន្សំរបស់រាជរដ្ឋាភិបាលដោយសារផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និង វិបត្តិផ្សេងទៀត ជាបន្តបន្ទាប់ ហើយដែលមិនទាន់ អាចស្តារឡើងវិញបាននៅឡើយ»។
ការគូសបញ្ជាក់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានធ្វើឡើងនៅវិមានរដ្ឋសភា ក្នុងកិច្ចប្រជុំ និងពិភាក្សា លើសេចក្ដីព្រាងច្បាប់ចំនួន២ជាមួយតំណាងរដ្ឋាភិបាល ក្រោមអធិបតីភាពឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ទោះបីជាជួបប្រទះនឹងបញ្ហាប្រឈមយ៉ាងណាក៏ដោយ គម្រោងថវិកាឆ្នាំ ២០២៦ ត្រូវបានរៀបចំ ដោយមានតុល្យភាព ដោយមិនប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ព្រមទាំង ធានាបាននូវចីរភាព ស្របតាម «ជំហរគោលនយោបាយពង្រឹងស័ក្តិសិទ្ធិភាពថវិកា ដើម្បីទ្រទ្រង់ស្ថិរភាព និងកំណើន ផ្តោតការយកចិត្តទុកដាក់ជាពិសេស លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការអភិវឌ្ឍមូលធនមនុស្ស ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល។
តាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយគោរពទាំងស្រុងទាំងកាលវសាន ទាំងខ្លឹមសារតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/០២២៣/០០១ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដោយផ្អែកលើការបូកសរុបទិន្នន័យចំណូល និងចំណាយថវិកាដែលត្រូវបានកត់ត្រាទុកដោយគណនេយ្យករសាធារណៈ និងការផ្ទៀងផ្ទាត់ត្រឹមត្រូវ នៃទិន្នន័យទាំងនេះជាមួយអាណាប័កពាក់ព័ន្ធទាំងថវិកាជាតិ និងថវិការថ្នាក់ក្រោមជាតិ។
ឯកឧត្តម បានបន្តថា ចំណែកសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសាធារណៈសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាកំពុងបន្តជំរុញអនុវត្តយ៉ាងសស្រាក់សស្រាំនូវបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់ខ្លួនជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតរាថយក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងថែរក្សាសុខសន្តិភាព និងប្រជាជនក៏ដូចជាក្នុងការពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកិច្ចការកែទម្រង់កាន់តែស៊ីជម្រៅលើគ្រប់វិស័យលើមាគ៌ាបន្តឈានទៅសម្រេចថាន:ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ៕

