វៀតណាមរំពឹងថា នឹងអាចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗ
ហាណូយ៖ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Bui Thanh Son ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថា វៀតណាមរំពឹងថានឹងអាចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗ ខណៈកិច្ចចរចាជុំថ្មីកំពុងប្រព្រឹត្តទៅក្នុងទីក្រុងវ៉ាស៊ីនតោន។
លោក Bui Thanh Son ធ្វើការកត់សម្គាល់បែបនេះនៅឯកិច្ចប្រជុំធុរកិច្ចអាមេរិក-វៀតណាមក្នុងទីក្រុងហាណូយ នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា។
លោកឧបនាយករដ្ឋមន្ត្រីវៀតណាមបានគូសបញ្ជាក់ដូច្នេះថា «មានតែការជឿទុកចិត្តគ្នាប៉ុណ្ណោះអាចនាំទៅរកកិច្ចសហប្រតិបត្តិការ ហើយមានតែកិច្ចសហប្រតិបត្តិការប៉ុណ្ណោះអាចនាំទៅរកភាពរុងរឿង…ហើយវៀតណាមតែងតែខ្នះខ្នែងជំរុញកិច្ចសហប្រតិបត្តិការជាមួយ សហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា កាលពីខែតុលាកន្លងទៅ សហរដ្ឋអាមេរិក និងវៀតណាមបានឯកភាពគ្នាថានឹងបង្ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ក្នុងពេលប៉ុន្មានសប្ដាហ៍ដែលនឹងរក្សាអត្រាពន្ធគយលើទំនិញវៀតណាមនាំចូល ទៅកាន់សហរដ្ឋអាមេរិក ក្នុងកម្រិត ២០ភាគរយ។ ប៉ុន្តែលើកលែងចំពោះផលិតផលមួយចំនួន៕
