ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះ បរមនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងពន្លត់ ភ្លើងជ័យ នៃខួបលើកទី៧២ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ពិធីនេះក៏មានការអញ្ជើញដង្ហែព្រះរាជដំណើរដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាជិកឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋខ្មែរជាច្រើននាក់។
ព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧២(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០ ២៥) បង្ហាញពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង ស្របជាមួយនឹងខួប៧២ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទ។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរម្លឹកឱ្យដឹងពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារយកឯករាជ្យភាពដ៏ពិតប្រាកដជូនកម្ពុជា៕

