World Bank គាំទ្រគោលការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលរៀបរៀងឡើងដោយសហរដ្ឋអាមេរិកសម្រាប់តំបន់ហ្កាហ្សា

យូអិន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារពិភពលោក (World Bank) បានគាំទ្រគោលការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដែលរៀបរៀងឡើងដោយសហរដ្ឋអាមេរិកសម្រាប់តំបន់ហ្កាហ្សា ដែល នឹងអនុញ្ញាត ឱ្យ រដ្ឋបាល អន្តរកាលមួយ មាន អាណត្តិ រយៈពេល ពីរ ឆ្នាំ។
កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាសន្តិសុខ UN ទាំង ១៥ បានធ្វើការចរចាលើសេចក្តីព្រាង ដើម្បីដាក់អាណត្តិឱ្យរដ្ឋបាលអន្តរកាលដែលគេហៅថាក្រុមប្រឹក្សាសន្តិភាព ដែលមានសិទ្ធិអំណាចបង្កើតអង្គភាពដោះស្រាយបញ្ហានានា រួមទាំងការកសាងតំបន់ហ្កាហ្សា និងកម្មវិធីស្តារសេដ្ឋកិច្ចឡើងវិញ។
ក្នុងលិខិតមួយដែល Reuters ទទួលបាន ប្រធានធនាគារពិភពលោក លោក Ajay Banga បានប្រាប់លោក Mike Waltz ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN ដូច្នេះថា «ការចូលរួមរបស់យើងនៅហ្កាហ្សា ទាមទាររកដៃគូដែលមានសមត្ថភាព ទទួលបានគាំទ្រពីសហគមន៍អន្តរជាតិ និងការអនុញ្ញាតពេញលេញ ក្នុងការអនុវត្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ»។
លោកបន្ថែមថា «គម្រោងបង្កើត រដ្ឋបាលអន្តរកាល ជាមួយនិង ការអនុញ្ញាត ដែលមាន ចែង ក្នុង សេចក្តីព្រាង បច្ចុប្បន្ន បាន ផ្តល់នូវ ក្របខ័ណ្ឌ ចាំបាច់ សម្រាប់ ការចូលរួម ពីធនាគារពិភពលោក»។
គួរបញ្ជាក់ថា ធនាគារពិភពលោក អង្គការសហប្រជាជាតិ និង សហភាពអឺរ៉ុប បានប៉ាន់ប្រមាណកាលពីខែកុម្ភៈថា ដើម្បីកសាងតំបន់ហ្កាហ្សាឡើងវិញ ត្រូវចំណាយថវិកាជាង ៥០ពាន់លានដុល្លារ៕

