វៀតណាម កំពុងវាយតម្លៃពីការខូចខាតបង្កឡើងដោយព្យុះទីហ្វុង Kalmaegi

ហាណូយ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters អាជ្ញាធរនៅតាមតំបន់ឆ្នេរនៅក្នុងប្រទេសវៀតណាម កំពុងវាយតម្លៃពីការខូចខាតបង្កឡើងដោយព្យុះទីហ្វុង Kalmaegi នៅថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា បន្ទាប់ពីព្យុះដ៏កំណាច មួយនេះវាយប្រហារលើហ្វីលីពីនសម្លាប់មនុស្សយ៉ាងហោច ១៨៨នាក់។
ព្យុះ Kalmaegi បានបក់បោកលើវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ធ្វើឱ្យដើមឈើជាច្រើនដើមរលំ ផ្ទះមួយចំនួនរងការខូចខាត និងបង្កឱ្យដាច់ចរន្តអគ្គិសនី មុននឹងព្យុះនេះថមថយចុះ ឥទ្ធិពល។
អាជ្ញាធរវៀតណាមបានព្រមានថាភ្លៀងនឹងនៅតែបន្តធ្លាក់ខ្លាំងដែលអាចធ្វើ ឱ្យកម្ពស់ទឹកហក់ឡើង ២០០មីលីម៉ែត្រ តាមបណ្ដាខេត្តសិ្ថតនៅភាគកណ្ដាលនៃប្រទេសរាប់ចាប់ពី ខេត្ត Thanh Hoa រហូតដល់ខេត្ត Quang Tri។
គួរបញ្ជាក់ថា ខណៈចំនួនអ្នកស្លាប់ដោយសារព្យុះ Kalmaegi នៅហ្វីលីពីនកើនឡើង ក្រុមមន្ត្រីហ្វីលីពីនក៏បានឱ្យដឹងដែរថាមនុស្ស១៣៥នាក់បានបាត់ខ្លួន និង៩៦នាក់រងរបួស។ ចំណែកនៅវៀតណាមវិញ អាជ្ញាធរមិនទាន់បញ្ជាក់ពីតួលេខអ្នកស្លាប់ ឬរបួសជាផ្លូវការនៅឡើយទេ៕

