ហ្វីលីពីននិងកាណាដា ចុះកិច្ចព្រមព្រៀងមួយសម្រាប់ឱ្យកងកម្លាំងយោធា អាចដាក់ពង្រាយដើម្បីធ្វើការហ្វឹកហាត់រួម នៅលើទឹកដីប្រទេសទាំងពីរទៅវិញទៅមកបាន

ម៉ានីល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ហ្វីលីពីននិងកាណាដា បានចុះកិច្ចព្រមព្រៀងមួយ សម្រាប់ឱ្យកងកម្លាំងយោធា អាចដាក់ពង្រាយដើម្បីធ្វើការហ្វឹកហាត់រួម នៅលើទឹកដីប្រទេសទាំងពីរទៅវិញទៅមកបាន។
វាគឺជាកិច្ចព្រមព្រៀងប្រភេទនេះលើកដំបូង សម្រាប់ប្រទេសកាណាដា នៅក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក ហើយវានាំឱ្យទីក្រុងម៉ានីល មានកិច្ចព្រមព្រៀងហៅថា SOVFA ជាមួយប្រទេសសរុបចំនួន៥ហើយ ចំពោះមុខការកើនឡើងភាពតានតឹងជាមួយប្រទេសចិន ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។
កាណាដាបានបង្ហាញការគាំទ្រយ៉ាងជាប់លាប់ ចំពោះគោលជំហររបស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ខណៈកិច្ចព្រមព្រៀងនេះ ត្រូវគេមើលឃើញថា ជួយពង្រីកបណ្តាញទំនាក់ទំនងផ្នែកសន្តិសុខរបស់ហ្វីលីពីនកាន់តែធំ ហើយបំពេញបន្ថែមចំពោះសម្ព័ន្ធភាព យូរអង្វែងរបស់ទីក្រុងម៉ានីល ជាមួយសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តចម្បង៕

