អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់

ហ៊្សេរុយសាឡិម៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters អ៉ីស្រាអែលបានឱ្យដឹងថា នៅថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ខ្លួនបានវាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់ បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រូវបានរាយការណ៍ថា ប្រាប់នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu កុំឱ្យវាយប្រហារសងសឹកអ៉ីរ៉ង់ក៏ដោយ។
កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ អ៉ីរ៉ង់បានបាញ់មីស៉ីលដាក់គោលដៅនៅអ៉ីស្រាអែល បន្ទាប់ពីក្នុងថ្ងៃដដែលនោះ អ៉ីស្រាអែលបានបើកការវាយប្រហារលើ តំបន់ជាយរដ្ឋធានីបេរូតរបស់ប្រទេសលីបង់ជាលើកដំបូង ចាប់តាំងពីសហរដ្ឋអាមេរិក បានប្រកាសផែនការឈប់បាញ់សម្រាប់លីបង់ កាលពីសប្តាហ៍មុន។
ភ្លាមៗ លោក ត្រាំ បានអះអាងថា ការវាយប្រហាររបស់អ៉ីស្រាអែលនៅជាយទីក្រុងបេរូត និងការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែល គឺនឹងមិនប៉ះពាល់ចំពោះកិច្ចប្រឹងប្រែងចរចា ដើម្បីបញ្ចប់សង្រ្គាមជារួមនៅមជ្ឈិមបូព៌ានោះទេ ហើយលោកប្រធានាធិបតីអាមេរិក ត្រូវបានរាយការណ៍ថាប្រាប់លោក Netanyahu កុំឱ្យបើកការវាយប្រហារថ្មីទៀត ជាពិសេសការសឹងសឹកអ៉ីរ៉ង់ ដែលបានបាញ់មីស៉ីលលើអ៉ីស្រាអែល។
ទោះជាបែបនេះក៏ដោយ ត្រឹមតែប៉ុន្មានម៉ោងក្រោយការអះអាងរបស់លោក ត្រាំ យោធាអ៉ីស្រាអែល បានប្រកាសថា នៅថ្ងៃចន្ទនេះ កងកម្លាំងរបស់ខ្លួន បានវាយប្រហារគោលដៅយោធារបស់អ៉ីរ៉ង់ ខណៈអ៉ីរ៉ង់បានរាយការណ៍ពីស្នូរផ្ទុះនៅទីក្រុងមួយចំនួន រួមទាំងរដ្ឋធានីតេហេរ៉ង់៕

