អង់គ្លេសមានហេតុការណ៍វាយប្រហារដោយកាំបិតដ៏រន្ធត់មួយបានកើតឡើងនៅលើរថភ្លើងនៅភាគខាងកើតប្រទេសបណ្តាលឱ្យមនុស្ស ១១នាក់រងរបួស

ឡុងដ៍៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍មានហេតុការណ៍វាយប្រហារដោយកាំបិតដ៏រន្ធត់មួយបានកើតឡើងនៅលើរថភ្លើងមួយនៅភាគខាងកើតប្រទេស ដែលបានបណ្តាលឱ្យមនុស្ស ១១នាក់រងរបួសបញ្ជូនទៅមន្ទីរពេទ្យ ដោយក្នុងនោះមានពីរនាក់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិត។
ទោះជាយ៉ាងណា អាជ្ញាប៉ូលិសបានបញ្ជាក់ថា ការវាយប្រហារនេះគឺមិនជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មទេ ខណៈបុរសជនជាតិអង់គ្លេសពីរនាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យប៉ុនប៉ងមនុស្សឃាត។
មន្ត្រីប៉ូលិស លោក ចន ឡូហ្វលេស (John Loveless) បានថ្លែងយ៉ាងដូច្នេះថា «នៅដំណាក់កាលនេះ គ្មានអ្វីដែលបង្ហាញថា នេះគឺជាឧបទ្ទវហេតុភេរវកម្មនោះទេ»។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោក គៀ ស្តាមឺ (Keir Starmer) បានហៅឧប្បត្តិហេតុនេះថា «គួរឱ្យរន្ធត់» ខណៈព្រះមហាក្សត្រ ឆាលស៍ (King Charles) បានមានព្រះបន្ទូលថា ព្រះអង្គ «ពិតជាតក់ស្លុត និងរន្ធត់ជាខ្លាំង»។ ឧក្រិដ្ឋកម្មដោយប្រើកាំបិតនៅអង់គ្លេស និងវែល បានកើនឡើង ៨៧% ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដែលជាអត្រាមួយក្នុងចំណោមអត្រាខ្ពស់បំផុតនៅអឺរ៉ុប៕

