ការបាញ់បង្ហោះយានអវកាសផ្ទុកមនុស្ស Shenzhou-២១ទទួលបានជោគជ័យដោយគាប់ប្រសើរ

តាមការផ្សាយដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ចិនបានឱ្យដឹងថា នៅវេលាម៉ោង២៣ និង៤៤នាទី យប់ថ្ងៃទី ៣១ ខែតុលា តាមម៉ោងក្រុងប៉េកាំង រ៉ុក្កែតដឹកជញ្ជូន Long March-F ២១ ដែលបានផ្ទុកយានអវកាសផ្ទុកមនុស្ស Shenzhou-២១ត្រូវបានបាញ់បង្ហោះនៅទីលានបាញ់បង្ហោះយានអវកាសដែលស្ថិតនៅក្រុងJiuquan ប្រហែល១០នាទីក្រោយមក យានអវកាសបានបំបែកខ្លួនចេញពីរ៉ុក្កែតដោយជោគជ័យ ហើយបានហោះចូលគន្លងតារាវិថីតាមការគ្រោងទុក ក្រុមអវកាសយានិកមានសភាពល្អប្រសើរ បេសកកម្មបាញ់បង្ហោះទទួលបានជោគជ័យដោយគាប់ប្រសើរ ។
បន្ទាប់ពីយានអវកាសចូលគន្លងតារាវិថី យានអវកាសផ្ទុកមនុស្សបានតភ្ជាប់ជាមួយស្ថានីយអវកាសដោយស្វ័យប្រវតិ្តនិងឆាប់រហ័ស ។ នៅវេលាម៉ោង៤និង៥៨នាទី ព្រឹកថ្ងៃទី ១ ខែវិច្ឆិកា តាមម៉ោងក្រុងប៉េកាំង ក្រុមអវកាសយានិកនៃយានអវកាសផ្ទុកមនុស្ស Shenzhou-២០ ដែលកំពុងបំពេញបេសកកម្មនៅតាមគន្លងតារាវិថី បានបើក “ទ្វារ”ដោយរលូន ដើម្បីស្វាគមន៍ក្រុមអវកាសយានិកនៃយានអវកាសផ្ទុកមនុស្ស Shenzhou-២១ចូលប្រចាំការនៅស្ថានីយអវកាស នេះជាលើកទី៧ ហើយដែលក្រុមអវកាសយានិកពីរក្រុមជួបជុំគ្នានៅអវកាសក្នុងប្រវត្តិសាស្ត្រអវកាសចិន ។ បន្ទាប់មក ក្រុមអវកាសយានិកពីរក្រុមនេះ នឹងផ្លាស់វេនតាមគន្លងតារាវិថីក្នុងស្ថានីយអវកាស ៕

