ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផលនៅសហរដ្ឋអាមេរិក ដែលនឹងបន្តរហូតដល់ខែមករា ឆ្នាំ២០២៦

វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ ២០២៥ រដ្ឋមន្រ្តីហរិញ្ញវត្ថុអាមេរិក លោក Scott Bessent បានឱ្យដឹងថា ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផលនៅសហរដ្ឋអាមេរិក ដែលនឹងបន្តរហូតដល់ខែមករា ឆ្នាំ២០២៦។
លោក Bessent បានឱ្យដឹងទៀតថា ចិនក៏បានប្តេជ្ញាទិញអង្ករចំនួន ២៥លានតោនជារៀងរាល់ឆ្នាំពីអាមេរិកផងដែរ សម្រាប់រយៈពេល ៣ឆ្នាំខាងមុខ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មធំជាងមុន បន្ទាប់ពីកិច្ចប្រជុំរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅប្រទេសកូរ៉េខាងត្បូង។
លោក Bessent បានគូសបញ្ជាក់ថា «កសិករដាំសណ្តែកសៀងរបស់យើង អាចសប្បាយចិត្តហើយ ក្នុងពេលប៉ុន្មានឆ្នាំទៅមុខនេះ»។
គួរបញ្ជាក់ថា ការធ្លាក់ចុះនៃតម្រូវការរបស់ចិន បានធ្វើឱ្យកសិករអាមេរិក ខាតបង់អស់រាប់ពាន់លានដុល្លារពីការលក់ ហើយកិច្ចព្រមព្រៀងនេះនឹងតំណាងឱ្យការវិលមករកប្រក្រតីភាពឡើងវិញ ក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេស ដែលនាំចូលសណ្តែកសៀងដ៏កំពូលមួយរបស់សហរដ្ឋអាមេរិក៕

