រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ បានពិពណ៌នាផែនការរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញថា «ជាការដើរថយក្រោយ និងមិនទទួលខុសត្រូវ»

តេហេរ៉ង់៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ បានពិពណ៌នាផែនការរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញថា «ជាការដើរថយក្រោយ និងមិនទទួលខុសត្រូវ» បន្ទាប់ពីការណែនាំដ៏គួរឱ្យភ្ញាក់ផ្អើលដោយលោកប្រធានាធិបតី លោក ដូណាល់ ត្រាំ។
លោក Abbas Araghchi បានបង្ហោះសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម យ៉ាងដូច្នេះថា «អ្នកដែលតែងចោទប្រកាន់គេ កំពុងចង់បន្តធ្វើតេស្តអាវុធបរមាណូ។ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរនេះ បាននិងកំពុងបង្ខូចកម្មវិធីនុយក្លេអ៊ែរសន្តិភាពរបស់អ៉ីរ៉ង់»។
លោកបន្ថែមថា «ការប្រកាសរបស់សហរដ្ឋអាមេរិក អំពីការធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ គឺជាការដើរថយក្រោយ និងមិនទទួលខុសត្រូវ ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានប្រាប់ឱ្យក្រសួងការពារជាតិអាមេរិក ចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ដោយឈរលើគោលការណ៍ស្មើភាពគ្នា ជាមួយមហាអំណាចនុយក្លេអ៊ែរដទៃទៀត៕

