រដ្ឋមន្រ្តីការពារជាតិអាមេរិក នឹងធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាស៉ីចំនួន៤ ក្នុងពេលប៉ុន្មានថ្ងៃទៀត

បរទេស៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥ មន្ទីរបញ្ចកោណ កាលពីថ្ងៃអាទិត្យកន្លងទៅ បានប្រកាសថា រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth នឹងធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាស៉ីចំនួន៤ ក្នុងពេលប៉ុន្មានថ្ងៃទៀត។
មន្ទីរបញ្ចកោណ បាននិយាយថា លោក Hegseth នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ម៉ាឡេស៉ី វៀតណាម និងកូរ៉េខាងត្បូង ប៉ុន្តែមិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់ ឬរយៈពេលស្នាក់នៅក្នុងប្រទេសនីមួយៗនោះឡើយ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមន្រ្តីជាន់ខ្ពស់អាមេរិកដទៃទៀត កំពុងស្ថិតនៅក្នុងតំបន់អាស៉ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលនិងកិច្ចពិភាក្សាទ្វេភាគី ដោយព្រឹត្តិការណ៍ដែលគេបានទន្ទឹងរង់ចាំបំផុត គឺជំនួបទល់មុខគ្នានៅកូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រវាងលោក ត្រាំ និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង។
បើតាមមន្ទីរបញ្ចកោណ ប្រធានបទចម្បងនៃដំណើរទស្សនកិច្ចរបស់លោក Hegseth គឺ «ការផ្តោតយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលជាតំបន់អាទិភាពរបស់ក្រសួងការពារជាតិអាមេរិក។ វានឹងជាដំណើរបំពេញទស្សនកិច្ចលើកទី២ របស់លោក Hegseth ទៅកាន់តំបន់នេះ៕
