មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលថៃ៖ ការបោះឆ្នោតសកលថ្មី ទំនងជានឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំក្រោយ

បាងកក៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៤ ខែតុលា មន្រ្តីជាន់ខ្ពស់មួយរូបនៃរដ្ឋាភិបាលថៃ បានឱ្យដឹងថា ការបោះឆ្នោតសកលថ្មី ទំនងជានឹងធ្វើឡើង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំក្រោយ បន្ទាប់ពីនាយករដ្ឋមន្រ្តី លោក Anutin Charnvirakul បានពិភាក្សាអំពីបញ្ហានេះ ជាមួយគណៈកម្មការរៀបចំការបោះឆ្នោត។
កន្លងមក លោកនាយករដ្ឋមន្រ្តីថៃ ក៏បាននិយាយដែរថា លោកគ្រោងរំលាយសភានៅចុងខែមករា ឆ្នាំ២០២៦ ហើយរៀបចំការបោះឆ្នោតសកល នៅអំឡុងខែមីនា ឬដើមខែមេសា។ នាថ្ងៃសុក្រនេះ លោក Paradorn Prissananantakul ដែលជារដ្ឋមន្រ្តីអមការិយាល័យនាយករដ្ឋមន្រ្តីថៃ បាននិយាយថា «រដ្ឋាភិបាលនិងគណៈកម្មការបោះឆ្នោត បានពិភាក្សាគ្នា អំពីពេលវេលា សម្រាប់រៀបចំការបោះឆ្នោត ខណៈកាលបរិច្ឆេទ ដែលនឹងត្រូវកំណត់ គឺទំនងជាថ្ងៃទី២៩ ខែមីនា»។
លោក Paradorn ក៏បានប្រាប់ផងដែរថា ការធ្វើប្រជាមតិ ស្តីពីរដ្ឋធម្មនុញ្ញថ្មី ព្រមទាំងប្រជាមតិមួយទៀត ដើម្បីសម្រេចថា តើត្រូវលុបចោល ឬមិនលុបចោល នូវកិច្ចព្រមព្រៀងចំនួន២ ពាក់ព័ន្ធការកំណត់ព្រំដែនជាមួយកម្ពុជា គឺទំនងជានឹងប្រព្រឹត្តទៅទន្ទឹមគ្នាជាមួយការបោះឆ្នោតសកល។
គណៈកម្មការរៀបចំការបោះឆ្នោតថៃ មិនទាន់ជ្រើសរើសថ្ងៃបោះឆ្នោតជាផ្លូវការនៅឡើយទេ ប៉ុន្តែលោក Ittiporn Boonpracong ដែលជាប្រធានគណៈកម្មការ បាននិយាយថា សេចក្តីលម្អិតនឹងត្រូវកំណត់សម្រាប់ការបោះឆ្នោតសកល រួមនិងការធ្វើប្រជាមតិទាំងពីរ ដែលទំនងជានឹងប្រព្រឹត្តទៅក្នុងថ្ងៃតែមួយ៕
