រដ្ឋបាលខេត្តក្រចេះ ប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ លើកទី២៧ ក្រោមប្រធានបទ «វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ»

ក្រចេះ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ លោក ដួង ពៅ អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៧ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រោមប្រធានបទ «វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ» នៅសាលមហោស្រពខេត្តក្រចេះ ។
លោក ចាន់ សុគន្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា បច្ចុប្បន្ននេះ សមាគមមនុស្សចាស់ បានបង្កើតនៅតាមបណ្តាឃុំ/សង្កាត់ក្នុងខេត្តក្រចេះ បានចំនួន ៤៣ឃុំ និង ៥សង្កាត់។ ក្នុងនោះបានដំណើរការចំនួន១៩ឃុំ និង១សង្កាត់ ប្រៀបធៀបឆ្នាំ២០២៤ បានដំណើរការ ១៦ឃុំ និង១សង្កាត់ ដូច្នេះកើនឡើងចំនួន ៣ឃុំបន្ថែមទៀតដែលបានដំណើរការ។ ហើយនៅសល់ ២៤ឃុំ និង៤សង្កាត់ទៀត មិនទាន់បានដំណើរការនៅឡើយ។
លោក ដួង ពៅ អភិបាលរងខេត្ត បានគូសបញ្ចាក់ថា ការប្រារព្ធទិវានេះ គឺមិនមែនមានតែប្រទេសកម្ពុជាយើងទេ គឺគ្រប់ប្រទេសនៅក្នុងពិភពលោក ដែលជាសមាជិករបស់អង្គការសហប្រជាតិ សុទ្ធតែត្រូវបានប្រារព្ធធ្វើឡើងដូចគ្នា ដោយកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ ។ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ តាមរយៈ គោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៦ និងបន្តមកនៅក្នុងអាណត្តិទី៧ នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។
លោក ដួង ពៅ បន្តថា មនុស្សវ័យចាស់នៅក្នុងប្រទេសកម្ពុជាយើង មានភ័ព្វសំណាងច្រើនជាងប្រជាជនវ័យ ចាស់នៅតាមបណ្តាប្រទេសផ្សេងៗ ដោយសារតែនៅប្រទេសកម្ពុជាយើង ប្រជាជនមានទំនៀមទំលាប់ ប្រពៃណី រស់ជុំគ្នាជាលក្ខណៈប្រព័ន្ធគ្រួសារ បែបនេះគឺជាសំណាញ់សុវត្ថិភាពបែបប្រពៃណី ដែលអាចជួយដល់មនុស្សវ័យចាស់មិនឱ្យជួបប្រទះ បញ្ហានានា ដែលអាចកើតមានឡើងចំពោះពួកគាត់។
ដោយឡែកនៅក្នុងខេត្តក្រចេះរបស់យើង មានសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត សប្បុរសជននានា ក្រុមយុវជន និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ ដែលតែងធ្វើសកម្មភាពសប្បុរសធម៌យ៉ាងច្រើនដើម្បីជួយដល់មនុស្សវ័យចាស់ក្រីក្រ , គ្រួសារក្រីក្រងាយរងគ្រោះ , ជាពិសេសជួយដល់ជនចាស់ជរាក្រីក្រគ្មានទីពឹង ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីវប្បធម៌ជួយឧបត្ថម្ភគ្រាំទ្រគ្នា ដោះស្រាយនូវទុក្ខលំបាករបស់ជនរួមជាតិ។
ដូច្នេះសមិទ្ធផលនេះ គឺបានមកពីការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ធ្វើឱ្យការងារសមាគមមនុស្សចាស់ទូទាំងខេត្តបានបង្កើតចប់រួចរាល់ ហើយអ្វីដែលយើងត្រូវ យកចិត្តទុកដាក់ និងត្រូវធ្វើបន្តនោះគឺឱ្យដំណើរការបានគ្រប់ៗឃុំ/សង្កាត់ដែលពុំទាន់បានដំណើរការ ធ្វើយ៉ាងណាឱ្យដំណើរការបានព្រមៗគ្នា៕

