លោក Maduro សុំអង្វរសហរដ្ឋអាមេរិកកុំឱ្យសង្រ្គាមផ្ទុះឡើង ខណៈភាពតានតឹងរវាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុងការ៉ាកាសកំពុងឡើងកម្ដៅ

ការ៉ាកាស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា បានសុំអង្វរសហរដ្ឋអាមេរិកកុំឱ្យសង្រ្គាមផ្ទុះឡើង ខណៈភាពតានតឹងរវាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុងការ៉ាកាសកំពុងឡើងកម្ដៅ។
ការអត្ថាធិប្បាយបែបនេះរបស់លោក Maduro ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកបានអនុញ្ញាតឱ្យ CIA ធ្វើប្រតិបត្តិការសម្ងាត់នៅក្នុងទឹកដី វ៉េណេស៊ុយអេឡា និងចំពេលសហរដ្ឋអាមេរិកកំពុងបង្កើនការធ្វើយុទ្ធនាការយោធាប្រឆាំងនឹងឧក្រិដ្ឋជនគ្រឿងញៀននៅក្នុងតំបន់សមុទ្រ Caribbean និង Pacific។
ថ្លែងនៅក្នុងជំនួបជាមួយ ក្រុមមេដឹកនាំសហជីពវ៉េណេស៊ុយអេឡា លោក Maduro បានគូសបញ្ជាក់ថា «ពិតណាស់ សន្តិភាព ពិតណាស់ សន្តិភាពជារៀងរហូត សន្តិភាពជារៀងរហូត។ សូមមេត្តាកុំឱ្យសង្រ្គាម ផ្ទុះឡើង»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដាក់ពង្រាយយន្ដហោះចម្បាំងបំបាំងកាយ និងនាវាចម្បាំងជាច្រើនគ្រឿងទៅកាន់តំបន់សមុទ្រ Caribbean ក្រោមប្រតិបតិ្តការប្រឆាំងគ្រឿងញៀន ប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិត ឬភស្តុតាងពីគោលដៅនៃការវាយប្រហារ ក្នុងនោះរួមមានទូក ៨គ្រឿង និងនាវាមុជទឹកមួយគ្រឿង ដែលរដ្ឋបាលលោក ត្រាំ ចោទថាដឹកគ្រឿងញៀននោះទេ។ បើតាម AFP ផ្អែកលើទិន្នន័យពីសហរដ្ឋអាមេរិក ការវាយប្រហារលើទូកសង្ស័យថាដឹកគ្រឿងញៀនដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២ ខែកញ្ញាមក បានសម្លាប់មនុស្សយ៉ាងហោច ៣៧នាក់៕
