មន្ត្រីយោធារបស់ចក្រភពអង់គ្លេស ត្រូវបានបញ្ជូនទៅកាន់អ៉ីស្រាអែល ដើម្បីចូលរួមជាមួយក្រុមការងារដឹកនាំដោយសហរដ្ឋអាមេរិក គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាព នៅក្នុងតំបន់ហ្កាហ្សា

ឡុងដ៏៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ ២០២៥ មន្ត្រីយោធាផ្នែករៀបចំផែនការមួយក្រុមតូចរបស់ចក្រភពអង់គ្លេស ត្រូវបានបញ្ជូនទៅកាន់អ៉ីស្រាអែល ដើម្បីចូលរួមជាមួយក្រុមការងារដឹកនាំដោយសហរដ្ឋអាមេរិក គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាព នៅក្នុងតំបន់ហ្កាហ្សា។
ក្រសួងការពារជាតិអង់គ្លេស បានឱ្យដឹងថា កងរក្សាស្ថិរភាពមួយបង្កើតឡើងដោយអាមេរិក ដែលគេហៅថា ទីភ្នាក់ងារសម្របសម្រួលយោធាស៉ីវិល ឬ CMCC គឺសំដៅធានាសន្តិសុខនៅហ្កាហ្សា ប៉ុន្តែសមាសភាព តួនាទី ខ្សែច្រវាក់បញ្ជា ទិដ្ឋភាពច្បាប់ និងបញ្ហាផ្សេងទៀត មិនទាន់ត្រូវបានឯកភាពគ្នានៅឡើយទេ។
អ្នកនាំពាក្យក្រសួងការពារជាតិអង់គ្លេសបញ្ជាក់ថា មន្រ្តីផែនការមួយក្រុមតូចរបស់ខ្លួន គឺមាននៅក្នុង CMCC ហើយការដាក់ពង្រាយនេះ គឺក្នុងគោលបំណងធានាថាអង់គ្លេស នៅតែមានវត្តមានក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំផែនការសម្រាប់ស្ថិរភាពក្រោយសង្រ្គាមហ្កាហ្សា។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកយល់ព្រម ផ្តល់ ទាហាន ២០០ នាក់ ដោយគ្មានទាហានអាមេរិកខ្លួនឯង ឱ្យទៅ ជួយដល់តំបន់ហ្កាហ្សា ។ ក្រុមមន្ត្រីអាមេរិកនិយាយថា ពួកគេកំពុងជជែកជាមួយឥណ្ឌូណេស៉ី អេមីរ៉ាតអារ៉ាប់រួម អេហ្ស៉ីប កាតា តួកគី និងអាស៊ែបៃហ្សង់ ឱ្យរួមចំណែកក្នុងកិច្ចការនេះ៕

