សម្ដេចធិបតី៖ ខ្មែរត្រូវរួមគ្នា ដើម្បីពង្រឹងជាតិយើងគ្រប់វិស័យ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ខ្មែរត្រូវរួមគ្នា ដើម្បីពង្រឹងជាតិយើងគ្រប់វិស័យ ហើយសម្ដេចបានឱ្យគោលការណ៍ទៅដល់គ្រប់ក្រសួងស្ថាប័ន ត្រូវពង្រឹងសមត្ថភាពផ្ទៃក្នុង, សមត្ថភាពផលិត ផលិតផលជាតិ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្ដេចធិបតីបានបន្តថា យើងមិនបដិសេធចំពោះទំនិញប្រទេសណាទេ ប៉ុន្ដែយើងត្រូវពង្រឹងខ្លួនឯង, ត្រូវពង្រឹងទាំងរដ្ឋ និងឯកជន។ យើងត្រូវរួមគ្នាពង្រឹងសមត្ថភាពផលិតប្រកបដោយគុណភាពតាមរយៈកិច្ចសហការគ្នារវាងរដ្ឋនឹងឯកជន។
នៅក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញការកោតសរសើរចំពោះក្រុមការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលបានចេញមុខបកស្រាយបានទាន់ពេលវេលាជុំវិញចម្ងល់ និងព័ត៌មានមិនពិតនានាដែលបានផ្សព្វផ្សាយពាក់ព័ន្ធនឹងអាកាសយានដ្ឋានថ្មីនេះ ខណៈសម្ដេចបន្តជំរុញឱ្យមានការបកស្រាយបំភ្លឺបែបនេះជុំវិញការផ្សាយព័ត៌មានមិនពិតនេះ៕

