ទណ្ឌកម្មរបស់ចិនលើក្រុមហ៊ុនសាងសង់នាវា Hanwha Ocean របស់កូរ៉េខាងត្បូង បានគំរាមកំហែងដល់ផែនការប្រកបដោយមហិច្ឆតា នៃកិច្ចសហប្រតិបត្តិការសាងសង់នាវា រវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៉ីនតោន

សេអ៊ូល៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុមន្ត្រីកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃសុក្រ ទី១៧ ខែតុលានេះថា ទណ្ឌកម្មរបស់ចិនលើក្រុមហ៊ុនសាងសង់នាវា Hanwha Ocean របស់កូរ៉េខាងត្បូង បានគំរាមកំហែងដល់ផែនការប្រកបដោយមហិច្ឆតា នៃកិច្ចសហប្រតិបត្តិការសាងសង់នាវា រវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៉ីនតោន តាមរយៈឧបករណ៍ និងសម្ភារៈផ្គត់ផ្គង់ដែលយកមកពីចិន។
កូរ៉េខាងត្បូង បានប្តេជ្ញាធ្វើឱ្យការសាងសង់នាវារបស់អាមេរិកអស្ចារ្យម្តងទៀត ជាមួយការសន្យាវិនិយោគ ១៥០ពាន់លានដុល្លារក្នុងវិស័យនេះ ដើម្បីជួយដល់គោលដៅជំរុញរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការធ្វើឱ្យនាវាអាមេរិករស់រវើកឡើងវិញ តាមឱ្យទាន់ចិន។
រដ្ឋ មន្ត្រី ទទួលបន្ទុកកម្មវិធីលទ្ធកម្ម នៃក្រសួងការពារ ជាតិ កូរ៉េ ខាង ត្បូង លោក Seok Jong-gun បានប្រាប់គណៈកម្មការសភាថា «ខ្ញុំមិនឃើញថា យើងអាចផលិតសម្ភារៈ ហើយផ្គត់ផ្គង់ដល់ក្រុមហ៊ុនសាងសង់នាវា ជាមួយអាមេរិកបាននោះទេ»។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំង បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន Hanwha Ocean កាលពីថ្ងៃអង្គារ ស្របពេលសហរដ្ឋអាមេរិក និងចិនចាប់ផ្តើមយកថ្លៃសេវាចំណតកំពង់ផែទៅវិញទៅមក៕

