លោក ដូណាល់ ត្រាំ គំរាមថានឹងទៅសម្លាប់ក្រុមហាម៉ាស ប្រសិនបើចលនាតស៊ូប៉ាឡេស្ទីនមួយនេះ បន្តសម្លាប់មនុស្សនៅក្នុងតំបន់ហ្កាហ្សា

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា បានគំរាមថានឹងទៅសម្លាប់ក្រុមហាម៉ាស ប្រសិនបើចលនាតស៊ូប៉ាឡេស្ទីនមួយនេះ បន្តសម្លាប់មនុស្សនៅក្នុងតំបន់ហ្កាហ្សា ដោយទំនងជាលោកចង់សំដៅលើការបាញ់សម្លាប់មនុស្សដែលក្រុមហាម៉ាសចោទថាជាពួកជនអន្ធពាល និងអ្នកគប់គិតជាមួយអ៉ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា នៅបន្ទាប់ពីមានបទឈប់បាញ់ជាមួយអ៉ីស្រាអែល។
ការគំរាមខាងលើរបស់លោក ត្រាំ ធ្វើឡើងនៅបណ្ដាញទំនាក់ទំនងសង្គម Truth Social។ លោក ត្រាំ បានគំរាមដូច្នេះថា «ប្រសិនបើក្រុមហាម៉ាសនៅតែបន្តសម្លាប់មនុស្ស នៅក្នុងតំបន់ហ្កាហ្សា…យើងនឹងមិនមានជម្រើសអ្វីផ្សេងឡើយក្រៅតែពីទៅសម្លាប់ពួកគេ»។
លោក ត្រាំ មិនបានបញ្ជាក់លម្អិតថាតើពាក្យថា «យើង» មានន័យយ៉ាងណា ឬមាន នរណាខ្លះនឹងចូលរួមនោះទេ។ ប៉ុន្តែកាលពីថ្ងៃពុធ លោកបាននិយាយថាសហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅក្នុងតំបន់ហ្កាហ្សានោះទេ ហើយថាអ្នកផ្សេងនឹងធ្វើរឿងនេះជំនួស សហរដ្ឋអាមេរិក។ ទោះមិនបានបង្ហើបថាជានរណា តែគេអាចដឹងថាលោកចង់សំដៅលើអ៉ីស្រាអែល៕
